អន្តរជាតិ ៖ បើតាមការអោយដឹងពីប្រភពសារព័ត៌មានបរទេសក៏ដូចជា ប្រភពសារព័ត៌មានក្នុងស្រុកបានចេញផ្សាយអោយដឹងថា មនុស្សជាង៣១០នាក់ បានស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះរោងចក្រ ដែលស្ថិតនៅក្នុងទីក្រុងធំៗជាងគេទាំងពីរ ក្នុងប្រទេស ប៉ាគីស្ថាន ដែលសោកនាដកម្មនេះ មានមូលហេតុបណ្តាលមកពីការកង្វះខាត នូវស្តង់ដាក្នុងការ រក្សាសុវត្ថិភាពសន្តិសុខ។ នេះជាការលើកឡើងរបស់មន្ត្រីប្រចាំតំបន់បានឲ្យដឹងកាលពី ថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ ២០១២ កន្លងទៅនេះ

យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២នេះ បានឲ្យដឹងថា មនុស្ស យ៉ា ងហោចណាស់២៨០នាក់បានស្លាប់ ក្នុងរោងចក្រកាត់ដេរ ក្នុងទីក្រុង ការ៉ាជី ដែលនេះ ហេតុការណ៍ ភ្លើងឆេះដ៏អាក្រក់ជាងគេមួយ ដែលពុំធ្លាប់កើតមានអស់រយៈពេល ជាច្រើនទសវត្សន៍ បានកើតឡើងក្នុងទីក្រុង ធំជាងគេក្នុងប្រទេស ប៉ាគីស្ថាន ហើយក្នុងរយៈពេលត្រឹមតែមួយម៉ោងក្រោយមក ហេតុការណ៍ភ្លើងឆេះរោចក្រ ស្បែងជើងមួយទៀតបានកើតឡើង ដែលបណ្តាលឲ្យមនុស្ស២១នាក់ស្លាប់ផងដែរ។

ជនរងគ្រោះមួយចំនួនបានរងរបួស បន្ទាប់ពីពួកគេព្យាយាមលោតតាមបង្អួចរោចក្រពីជាន់ទី៤ នៃរោងចក្រដើម្បី គេចចេញពីអណ្តាតភ្លើង និងដើម្បីរក្សាជីវិតរបស់ខ្លួន ដោយភ្លើងឆេះនេះបានកើត ឡើង កាលពីរសៀលថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅនេះ ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ប្រចាំទីក្រុង ការ៉ាជី បានប្រាប់ទីភ្នាក់ងារសារព័ត៌ មាន AFP ថា តួលេខនៃចំនួនមនុស្សស្លាប់ មិនទាន់ច្បាស់នៅឡើយ ខណៈដែលការស្វែងរកសាកសពនៅតែបន្ត សកម្មភាព ហើយជនរងគ្រោះជាច្រើននាក់ត្រូវបានសង្គ្រោះ។

មន្ត្រីទទួលបន្ទុកផ្នែកអគ្គិភ័យប្រចាំទីក្រុង ការ៉ាជី លោកEhtesham Salim និយាយថាអណ្តាតភ្លើងប្រហែលជាមានប្រភពពីជាន់ក្រោម ដែលនាំឲ្យកម្មករទាំងអស់ ទាំងនៅ ជាន់លើ និងជាន់ក្រោម ព្យាយាមជម្លៀសខ្លួនទៅជាន់ក្រោមដើម្បីភៀសខ្លួន ។ ជាអកុសល ជនរងគ្រោះទាំងនោះពុំអាចរំដោះខ្លួនបានព្រោះវាអស់ពេលទៅហើយ។ តាមប្រភពពីវេជ្ចបណ្ឌិតម្នាក់ប្រចាំទីក្រុងការ៉ាជីបានឲ្យដឹងថា មានកម្មករប្រមានជា ៦៥នាក់ ត្រូវរងគ្រោះដោយសារការបាក់ឆ្អឹងបន្ទាប់ពីលោតចេញតាមបង្អួចនៃរោងចក្រ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNA & DAP