មកដល់អាមេរិក ជាមួយនឹងបាតដៃទទេ Jin Sook និង Do Won Chang ត្រូវធ្វើការ​គ្រប់យ៉ាងដើម្បីជីវភាពរស់នៅ មុននឹងទទួលបានជោគជ័យ បន្ទាប់ពីបើកហាងសម្លៀកបំពាក់ Forever 21។

/

ឆ្នាំ ១៩៨១ Jin Sook និង Do Won Chang បានរើពីកូរ៉េខាងត្បូទៅកាន់រដ្ឋ Los Angeles អាមេរិក ដើម្បីផ្លាស់ប្ដូរជីវភាព។ពេលនោះ គូស្វាមីភរិយានេះ មានវ័យទើបតែ ២៦ឆ្នាំ ហើយពួកគេ​ក៏មិនមានប្រាក់ មិនមានសញ្ញាបត្រ ព្រមទាំងមិនចេះអង់គ្លេសប៉ុន្មាន។

អ្នកទាំងពីរ ប្ដេជ្ញា ធ្វើមានធ្វើបាន ក្នុងវិស័យកាហ្វេ ប៉ុន្តែ វាមិនស្រួលកើបលុយដូចការស្មាននោះទេ។ ក្នុងរយៈពេល៣ឆ្នាំបន្ទាប់នោះ ពួកគេត្រូវធ្វើការស្ទើរគ្រប់យ៉ាង ដើម្បីរស់ ចាប់ពីការងារ​យាមទ្វារ រហូតដល់ធ្វើការបុគ្គលិកលក់សាំង និងបុគ្គលិក​ហាងកាហ្វេ។

ក្នុងពេលធ្វើជាបុគ្គលិកលក់សាំង Do Won Chang យល់ឃើញថា អ្នកដែលជិះរថយន្តល្អ គឺសុទ្ធតែជាអ្នកធ្វើការក្នុងវិស័យច្នៃម៉ូដសម្លៀកបំពាក់។ ឆ្នាំ ១៩៨៤  Do Won Chang បានជួលផ្ទះមួយទំហំ ៨៣ម៉ែត្រក្រឡា នៅ Los Angeles ដើម្បីបើកហាងសម្លៀក​បំពាក់មួយ មានឈ្មោះថា Fashion 21 ។

/

លោក Do Won Chang​ និងភរិយា

ដំបូង ប្ដីប្រពន្ធលោក Do Won Chang បានដាក់លក់សម្លៀក​បំពាក់តម្លៃទាបដែលពេញនិយមនៅកូរ៉េខាងត្បូង សម្រាប់អ្នកដែលមានដើមកំណើតកូរ៉េ។ ហាងរបស់ Do Won Chang រកបានចំណូល ៧០០.០០០​ដុល្លារ ក្នុងឆ្នាំទីមួយ។

ក្រោយពីជោគជ័យនេះ ពួកគេ ចាប់ផ្ដើមបើកហាង​បន្ថែមចំនួនមួយ ជារៀងរាល់ ៦ខែម្ដង ហើយចុងក្រោយ Do Won Chang ក៏ប្ដូរឈ្មោះហាងរបស់ខ្លួន ទៅជា Forever 21 ។ បច្ចុប្បន្ន ហាង Forever 21 មានលក់ទាំងខោអាវបុរស នារី និងសម្លៀក​បំពាក់ផ្សេងៗទៀតផងដែរ។ Do Won Chang មានហាងនៅអាមេរិក កាណាដា អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន។ ចំណែកការិយាល័យកណ្ដាល គឺនៅ Los Angeles រដ្ឋ California អាមេរិក។

ប្រាក់ចំណូលពីហាងចំនួន ៦០០​របស់ Do Won Chang បានឡើងដល់ ៤,៤ពាន់លានដុល្លារអាមេរិក។ យោងតាមទំព័រ Forbes ប្ដីប្រពន្ធDo Won Chang មានទ្រព្យសរុបជាង ៦,១​ពាន់លានដុល្លារអាមេរិក។

អគ្គនាយក Michael Stone នៃក្រុមហ៊ុនប្រឹក្សាយោបល់ Beanstalk យល់ថា Forever 21 ផ្គត់ផ្គង់ផលិតផលទាន់សម័យប៉ុន្តែមានតម្លៃទាប។ ហាងនេះមានអតិថិជនច្រើនកីដោយសារ ហាងនេះដាក់តាំងផលិតផលច្រើន ហើយវិធីដាក់តាំង ធ្វើឱ្យគេមានអារម្មណ៍ថា ស្រស់ស្រាយ ទាន់សម័យ បែបយុវវ័យ។

/

លោក Do Won Chang និងកូនស្រី

បច្ចុប្បន្ន ក្រុមហ៊ុននេះ នៅតែគ្រប់គ្រងលក្ខណៈជាគ្រួសារ ដោយ Do Won Chang ប្រធានក្រុមហ៊ុន Jin Sook ជានាយកផ្នែកលក់។ចំណែកកូនស្រីទាំងពីររបស់ពួកគេ ក៏មានតួនាទីសំខាន់ក្នុងក្រុមហ៊ុន ៖ កូនស្រីច្បង ឈ្មោះ Linda ធ្វើជានាយកទីផ្សារ រីឯ Esther អ្នកគ្រប់គ្រងម៉ាកយីហោ៕

ប្រៃសម្រួល​ដោយ ៖ តារាប្រភព ៖ Forbes