ទីក្រុងសេអ៊ូល ៖ ប្រទេសកូរ៉េខាងជើង បានច្រានចោលការផ្តល់ជូនរបស់ប្រទេសកូរ៉េខាងត្បូងដើម្បីបើកការជជែកជាផ្លូវការលើការ ចាប់ផ្ដើមប្រតិបត្ដិការនៅតំបន់ឧស្សាហកម្ម Kaesong រួមនេះបើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន Yonhap បានឱ្យដឹងថាកាលពីថ្ងៃសុក្រ បន្ទាប់ពីបានដកស្រង់សេចក្តីថ្លែងការណ៍ របស់គណៈកម្មការការពារជាតិ កូរ៉េខាងជើង។
កាលពីថ្ងៃព្រហស្បត្តិកន្លងទៅ ទីក្រុងសេអ៊ូលបានផ្តល់សំណើដល់កូរ៉េខាងជើង អោយមានការយល់ព្រមក្នុងរយៈពេល ២៤ ម៉ោង ទៅលើសំណើនៃកិច្ចចរចារ ទៅលើបញ្ហាស្មុគស្មាញនាតំបន់ឧស្សាហកម្ម Kaesong ដោយមានការព្រមានព្រមគ្នាផងដែរថា នឹងចាត់វិធានការដ៏សំខាន់មួយ ប្រសិនបើកូរ៉េខាងជើងបដិសេធនឹងសំណើមួយនេះ។

លើសពីនេះទីភ្នាក់ងារសារព័ត៌មាន Yonhap ក៏បានដកស្រង់សេចក្តីថ្លែងការណ៍ របស់គណកម្មការការពារជាតិកូរ៉េខាងជើង បន្ថែមផងដែរថា ប្រសិនបើកូរ៉េខាងត្បូងបន្តបង្ខំអោយកើតមានឡើងនូវស្ថានការណ៍ដ៏ធ្ងន់ធ្ងរនោះ នេះវាអាចនឹងអោយពួកយើងទទួលយកការសម្រេចចិត្តចុងក្រោយ ក៏ដូចជាស្ថានការណ៍ធ្ងន់ធ្ងរ ។
តំបន់ឧស្សាហកម្ម Kaesong ដែលមានទីតាំងស្ថិតនៅប្រមាណ 10 គីឡូម៉ែត្រក្នុងប្រទេសកូរ៉េខាងជើងនោះ ត្រូវបានគេមើលឃើញថា ជាឧទាហរណ៏ដ៏កម្រមួយ នៃកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំប្រទល់ដែនដ៏ធ្ងន់ធ្ងរ។

ក៏ប៉ុន្តែទីក្រុងព្បុងយ៉ាង បានដកចេញនូវកម្លាំងពលកម្ម របស់ខ្លួនទាំងស្រុក កាលពីថ្ងៃទី០៩មេសាកន្លងទៅ ស្របពេលដែលមានប្រតិបត្តិការដ៏គួរអោយសង្ស័យរបស់កូរ៉េខាងជើងដែលជាហេតុធ្វើអោយភាគីខាងកូរ៉េខាងត្បូងមានកំហឹង ដោយត្រៀមជាស្រេចនូវយោធាដើម្បីការពារពលរដ្ឋរស់ខ្លួន។
គួររំឭកផងដែរថា តំបន់ឧស្សាហកម្ម Kaesong គឺជាតំបន់សេដ្ឋកិច្ចរួមគ្នាមួយដែលនៅផ្នែកម្ខាងនៃព្រំប្រទល់ដែនប្រទេសកូរ៉េខាងជើង មានសហគ្រាសអាជីវកម្ម របស់ពលរដ្ឋកូរ៉េខាងត្បូងជាង ១២០ សហគ្រាសអាជីវកម្ម ស្របពេលដែលសហគ្រាសទាំងអស់ ក៏កំពុងតែប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយមានការបេ្តជ្ញាថា ខ្លួននឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីជាការប្រឆាំងដើម្បីការពារការវិនិយោគរបស់ខ្លួន បើទោះជាមានការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលយ៉ាងណាក៏ដោយ។
ក៏មានការបញ្ជាក់អះអាង ពីលោក Ok Sung-Seok ដែលជាអ្នកតំណាងក្រុមហ៊ុនសហគ្រាសកូរ៉េខាងត្បូងថា ពួកគេបានសម្រេចចិត្ត ក្នុងការការពារតំបន់ឧស្សាហកមស្មុគស្មាញ Kaeso-ng អោយទាល់តែបាន បើសិនជាប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ៕
ចុចទីនេះ ដើម្បីមើលអត្ថបទផ្សាយ ស្តីពីការការគំរាមរបស់កូរ៉េខាងត្បូង បើសិនណាកូរ៉េខាងជើង មិនទទួលយកសំណើ
ដោយ ៖ ពិសិដ្ឋប្រភព ៖ channelnewsasia