ពលការិនីម្នាក់ឈ្មោះ កុយ លីដា ឬហៅថា ទូច ស្រីណេត អាយុ ១៧ឆ្នាំ ដែលបានទៅបម្រើការងារនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ី រយៈពេល ១ឆ្នាំកន្លងទៅនេះ ធ្លាក់ខ្លួនឈឺស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ។
នាង កុយ លីដា បានចេញទៅបម្រើការងារនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ី នៅចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១២ កន្លងទៅនេះ តាមរយៈក្រុមហ៊ុនឈ្មោះ ធី&ភី (T&P)។ ក្រុមហ៊ុននេះរដ្ឋាភិបាលបានប្រកាសឲ្យបិទនៅឆ្នាំ២០១១ កន្លងទៅនេះ។ ពលការិនីម្នាក់នេះ បានមកដល់ប្រទេសកម្ពុជាវិញ ជាមួយម្ដាយ កាលពីខែឧសភា ឆ្នាំ២០១២ ហើយបានធ្លាក់ខ្លួនឈឺធ្ងន់ជាបន្តបន្ទាប់រហូតដល់ស្លាប់។ចំពោះការស្លាប់នៃពលការនីដែលចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងហ្វីលីពីន វាសឹងតែបានក្លាយជារឿងធម្មតាទៅហើយ ទោះបីជារដ្ឋាភិបាលបានប្រកាសបិតក្រុមហ៊ុនអស់ជាច្រើនក៏ដោយក៏យើងនៅតែឃើញមានអតីតពលការនីមានបញ្ហាផ្លូវចិត្ត ឆ្កួត និងស្លាប់ជាបន្តបន្ទាប់។ រាល់ក្រុមហ៊ុនដែលបញ្ជូនពលការនីចេញទៅម៉ាឡេស៊ី និងហ្វីលីពីន ត្រូវបានរដ្ឋាភិបាលបិតអស់ជាច្រើនមកហើយហើយពេលនេះគេសង្កេតឃើញនៅមានក្រុមហ៊ុនដែលនាំពលករចេញទៅកូរ៉េ តែមិនទាន់មានបានទទួលដំណឹងថាពលករមានបញ្ហានៅឡើយទេ។ យើងនឹងចាំមើលទាំងអស់គ្នាថាតើនឹងមានបញ្ហាចោទដល់ក្រុមហ៊ុនរកការងារក្រៅប្រទេសដល់ពលករកម្ពុជាទៀតឬទេ៕
ដោយ៖ ម៉ូនីកាប្រែសម្រួលពី៖ RFA