ភ្នំពេញៈ ក្រោយពីពិធីករ ល្បីឈ្មោះ លោក ភោ សុផានិត បានសម្រេចចិត្តចាកចេញ ពីស្ថានីយទូរទស្សន៍ ហង្សមាស បោះ បង់ ចោលឱកាសប្រមូល ភាពល្បាញល្បី នៅក្នុងទ្រនំថ្មីនោះ ធ្វើឲ្យទស្សនិកជន មានការយល់ច្រឡំ និងគិតថា លោក បោះបង់ចោលសិល្បៈ ទាំងស្រុង ទៅស្រវា ការងាររកស៊ីក្រៅ សិល្បៈវិញ។ ប៉ុន្តែអ្វីដែលជា ការហួសចិត្តនោះ ស្រាប់តែ ភោ សុផានិត បែរ ជាលេចវត្តមាន នៅស្ថានីយទូរទស្សន៍មួយ ដែលជាទ្រនំចាស់ពីបូង របស់លោកទៅវិញ ។
បន្ទាប់ពីលេចឮ ព័ត៌មានថា ពិធីករប្រចាំកម្មវិធី “រដូវរីករាយ” លោក ភោ សុផានិត បានរៀបចំបង្វេច ចាកចេញពីហង្សមាស ក្រោយពីលោកមិន សូវទទួល បានកម្មវិធីអ្វីលេចធ្លោ រហូតធ្វើឲ្យលោកមាន ការអាក់អន់ស្រពន់ចិត្ត ដល់ថ្នាក់ លោកមិនអាចទ្រំាបាន ក៏សម្រេចចិត្ត ចាកចេញពីស្ថានីទូរទស្សន៍មួយនេះ ដោយស្ងាត់ៗ ។
ថ្លែងប្រាប់ LookingTODAY ដោយផ្ទាល់ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៣ នេះ លោក ភោ សុផានិត បាននិយាយថា លោកបានចាកចេញ ពីហង្សមាសហើយ ប៉ុន្តែការចាកចេញ របស់លោកនោះ ដោយសារតែមានការរវល់ ជាមួយការងារ រកស៊ីខាងក្រៅ គ្មានពេលគ្រប់គ្រាន់ ធ្វើការទើបលោក សម្រេចចិត្ត ឈប់ពីហង្សមាស តែម្តង។ មិនមានការអាក់អន់ ស្រពន់ចិត្ត ឬមានភាពរកាំរកូសអ្វី ដូចការលើកឡើង របស់ទស្សនិកជនទេ ។
ពិធីករសម្បូរសំនួន វោហាស័ព្ទ មិនចេះរឹងស្ងួត ភោ សុផានិត បានប្រាប់ឲ្យដឹងថា ខ្ញុំមិនបានបោះបង់ចោល អាជីពសិល្បៈដូចពាក្យ ចចាមអារ៉ាមទេ ពេលនេះខ្ញុំមាន កម្មវិធីនៅស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍ លេខ៣ ហើយក៏កំពុងតែត្រៀមទិញម៉ោង ធ្វើកម្មវិធី ជាច្រើនទៀត ក្នុងពេលឆាប់ៗនេះ ។ មូលហេតុដែលខ្ញុំ ឈប់ពីហង្សមាស គឺដោយសារតែ មិនចង់ចេញមុខ នៅស្ថា-នីយទូរទស្សន៍ច្រើន ក្នុងពេលតែ១។ ម្យ៉ាងវិញទៀត អត់មានពេលគ្រប់គ្រាន់ ក្នុងការធ្វើការច្រើនកន្លែង ។
លោក ភោ សុផានិត បានប្រាប់បន្ថែមទៀតថា បច្ចុប្បន្នមាន ការមមាញឹក ជាមួយការងារច្រើន ទាំងការងារសិល្បៈ ការងាររកស៊ី និងការងារ មួយចំនួនទៀត ហើយសម្រាប់ការ លើកឡើងថា លោកវិលចូលទ្រនំចាស់នោះ គឺការពិតពាក់កណ្តាល ខុសពាក់កណ្តាល ដោយសារតែលោកវិល មកកាន់ក្បាលមេក្រូ ធ្វើកម្មវិធីនៅប៉ុស្តិ៍ លេខ៣ ប៉ុន្តែមិនមែនមានន័យថា លោកចូលជាបុគ្គ-លិក បើកប្រាក់ខែ ពីស្ថានីយទូរទស្សន៍នោះទេ គឺលោកទិញម៉ោង បង្កើតកម្មវិធី ធ្វើដោយមានវត្តមាន លោកជាពិធីករតែម្តង ៕




ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល