ប៉ាតានី៖ បដា ជាច្រើនត្រូវបានចងដាក់ តាមស្ពាន និង ទីសាធារណៈ ដទៃទៀត ដែលសរសេរជាមួយម៉ាឡេស៊ី មានខ្លឹមសារថា បណ្តេញយោធា ប្រចាំការចេញពីតំបន់ ភាគខាងត្បូង រួមទាំង មានវត្ថុសង្ស័យថា ជាគ្រាប់បែកបង្កៃ ថែមទៀតផង។
យោងតាមគេហទំព័រ INN របស់ថៃ ចុះនៅថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០១៣នេះ បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ កងកម្លាំងយោធាល្បាតថៃ បានប្រទះឃើញ បដាជាច្រើនចងដាក់ តាមស្ពាន និង ទីសាធារណៈ រួមទាំងមានវត្ថុសង្ស័យ ថាជាគ្រាប់បែកបង្កៃ។ បដា ខាងលើនោះ សរសេរជាភាសាម៉ាឡេស៊ី មានខ្លឹមសារថា បណ្តេញយោធាប្រចាំការនៅតំបន់ភាគខាងត្បូងថៃ នារដូវបុណ្យរ៉ាម៉ាដាន់ របស់សាសនាអ៊ីស្លាម ដែលឈានជិត មកដល់នៅថ្ងៃពុធ ខាងមុខ នេះ ចំណែកវត្ថុសង្ស័យ ត្រូវអាជ្ញាធរ បោសសំអាចជាតិ ត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់។
គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធ នៅតែបន្តសកម្មភាពបំផ្ទុះគ្រាប់បែក និង បាញ់ប្រហារ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋថៃ ជាបន្តបន្ទាប់ បើទោះបីជាមានរដ្ឋាភិបាលថៃ និង ក្រុមឧទ្ទាមជួបចរចាសន្តិភាព បីលើករួចមកហើយ ក្រោមការសម្របសម្រួល ពីភាគីម៉ាឡេស៊ី៕

ដោយ៖ ដើមអម្ពិលផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល