អន្តរជាតិ ៖ ក្រុមមន្រ្តីប៉ូលីសរបស់ប្រទេសថៃ ក៏កំពុងតែតាមរកម្ចាស់ឡានទំនើបទាំង ៤គ្រឿង ដែលបានឆាបឆេះម៉ត់ កាលពីថ្ងៃពុធកន្លងទៅនៅក្នុងស្រុក Nakhon Ratchasima's Pak Chong អំឡុងពេលនៃការមានការដឹកជញ្ជូនតាមរថយន្តដឹកទំនិញធន់ធំមួយគ្រឿង។មកទល់នឹងពេលនេះ គ្មាននរណាម្នាក់ បានចេញមុខមកអះអាងថាខ្លួន ជាម្ចាស់រថយន្តទំនើបទាំង ៤ គ្រឿងនោះនៅឡើយទេ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបាន ធ្វើការចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា រថយន្តទំនើប ៦ គ្រឿងត្រូវបានដឹកជញ្ជូន តែដោយឡែក អំឡុងពេលនៃការកើតមានឡើងនូវការឆាបឆេះមិនដឹងមូលហេតុមួយនេះ បានធ្វើអោយរថយន្តទំនើប ៤ គ្រឿង ដែលនៅក្នុងនោះ រួមមានដូចជា ៖ Lamborghini, a Bentley, BMW និង a Mercedes-Benz ដែលរថយន្តទំនើបទាំង ៤ គ្រឿងនេះ បើតាមការអះអាង សរុបទាំងអស់វាមានតម្លៃដល់ទៅ ១០០ លានបាត។

លើសពីនេះ ប្រភពសារព័ត៌មានដដែល ក៏បានបន្ថែមអោយដឹងផងដែរថា មកទល់នឹងពេលនេះ យុទ្ធនាការតាមដានស៊ើបអង្កេត ក៏កំពុងចេញប្រតិបត្តិការរបស់ខ្លួន ដោយធ្វើការស្រាវជ្រាវអោយដឹងថាតើ រថយន្តទាំងអស់នេះ គឺជាការនាំចូលខុសច្បាប់ ឬក៏រថយន្តគេចពន្ធ ។ ក្រុមមន្រ្តីប៉ូលីសជឿថា រថយន្តទាំងនេះ គឺជាម្ចាស់កម្មសិទ្ធិរបស់បុគ្គលអ្នកមានទ្រព្យសម្បត្តិស្តុក នាភាគខាងកើតឆៀងខាងជើង ប្រទេសថៃ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ បើយោងតាមសម្តីលោកអគ្គមេបញ្ជាការថៃ Pol Col Panu Bunarasiri បានគូសបញ្ជាក់អោយដឹងថា ក្រុមហ៊ុន A-ngoon Jeungsaengmanee Co Ltd ដែលមានការិយាល័យក្នុងទីក្រុងបាងកក ជាអ្នកទទួលបន្ទុកក្នុងការដឹកជញ្ជូនរថយន្តទំនើបទាំងនេះ ទៅកាន់ស្ថានីយប្រេងឥន្ទនៈមួយកន្លែង ក្នុងខេត្ត Si Sa Ket ។ ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ដើម្បីរកតំរុយ អាចកំណត់បាននូវមុខសញ្ញានៃការឆាបឆេះ ដោយគ្មានមូលហេតុមួយនេះ។
ដោយឡែក ក៏មានការចូលរួមសហការពីមន្រ្តីជំនាញខាងរថយន្តទំនើបផងដែរ ដោយធ្វើការវិភាគទៅលើរថយន្តទាំងនេះថាតើវាគឺជាការនាំចូលខុសច្បាប់ឬក៏យ៉ាងណា? មិនត្រឹមតែប៉ុណ្ណោះ នាយកដ្ឋានប្រាក់ចំណូលជាតិឯណោះវិញ ក៏បានធ្វើការតាមដានស៊ើបអង្កេតរបស់ខ្លួន ដើម្បីឈានទៅកំណត់ម្ចាស់រថយន្តទំនើបទាំងនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន