ក្រុងឡុងដ៍ៈ លោក Rafael Benitez គ្រូបង្វឹកបណ្តោះអាសន្ន របស់ក្រុមតោខៀវ Chelsea បានឈ្នះពានជាគ្រូបង្វឹក ល្អបំផុតក្នុងក្របខណ្ឌកំពូល Barclays-Premier League ប្រចាំខែមេសាឆ្នាំ២០១៣ ជាមួយនឹងខ្សែប្រយុទ្ធ ជាតិហូឡង់របស់ ក្លឹបបិសាចក្រហម Manchester United, Rovin van Persie ក៏បានជាប់ឈ្មោះជា កីឡាករល្អបំផុតផងដែរនោះ ។
ប្រភពព័ត៌មានពីគេហទំព័រ Skysport បានឱ្យដឹងថា គ្រូបង្វឹកជាតិអេស្ប៉ាញ វ័យ៥៣ឆ្នាំរូបនេះ បានក្លាយជាអ្នកចាត់ការ ទីមួយរបស់ Chelsea ដែលឈ្នះពានរង្វាន់នេះ ចាប់តាំងពីលោក Carlo Ancelotti ឈ្នះកាលពីខែមេសា ឆ្នាំ២០១១មក ។
អ្នកចាត់ការដែលធ្លាប់ ឈ្នះរង្វាន់ដូចគ្នានេះ ៥ដង កាលនៅដឹកនាំ Liverpool រូបនេះ រំពឹងថានឹងចាកចេញ ពីក្លឹបតោខៀវ ខណៈក្រុមអ្នកគាំទ្រ នៅតែចង់ឲ្យលោក Jose Mourinho ត្រលប់មកវិញ។ ទោះបីជាលោក បានដឹកនាំតោខៀវ មិនឲ្យចាញ់សោះក្នុងខែមេសា ពោលគឺឈ្នះ៣ ស្មើ១ រហូតឈ្នះពានរង្វាន់នេះក្ដី ក៏អ្នកគាំទ្រមួយភាគធំនៅ Stamford Bridge នៅតែមិនពេញចិត្តលោកដដែល។
Benitez បានដឹកនាំ Chelsea ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ UEFA Europa League ដោយជួបជាមួយក្រុម Benfica របស់ព័រទុយហ្គាល់ថ្ងៃទី១៥ ឧសភា ២០១៣ខាងមុខនេះ នៅទឹកដីកណ្តាលស្ថិតក្នុង ពហុកីឡដ្ឋាន Amsterdam Arena ប្រទេសហូឡង់ ។
ដោយឡែកសម្រាប់ Robin van Persie វិញនេះជាលើកទី២ ហើយដែលខ្សែប្រយុទ្ធរូបនេះ ឈ្នះពានកីឡាករល្អបំផុតប្រចាំខែ ក្នុងរដូវកាលនេះ ពោលគឺ Persie ធ្លាប់ឈ្នះម្ដងរួចមកហើយ កាលពីខែធ្នូ ឆ្នាំ២០១២ ។ ការឈ្នះពានរង្វាន់កីឡាករ ល្អបំផុតប្រចាំខែមេសា គឺដោយសារក្នុងខែនោះ កីឡាករវ័យ២៩ឆ្នាំ បានស៊ុតបញ្ចូលទី៦គ្រាប់ បូករួមការធ្វើបាន ហ៊ែតទ្រីកពេលប៉ះ Aston Villa ផងដែរ ។ ក្រៅពីពានរង្វាន់នេះ Van Persie ក៏រំពឹងថានឹងឈ្នះ ស្បែកជើងមាសនៅ Premier League ទៀតដែរជាមួយនឹង រកគ្រាប់ស៊ុតបញ្ចូលទីបាន ២៥គ្រាប់ច្រើនជាងគេ ។
វីដេអូឃ្លីប Robin van Persie រកគ្រាប់ហែកទ្រីកឱ្យ Man Utd ពេលជួបជាមួយក្រុមភ្ញៀវ Aston Villa៖


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល