ជប៉ុន ៖ លោកតាដែលមានវ័យចំណាស់ជាងគេលើលោក វ័យ ១១៦ ឆ្នាំ បានទទួលមរណភាព នៅឯប្រទេសជប៉ុន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ។
លោកតា Jiroemon Kimura អតីតជាអ្នករត់សំបុត្រ (postman) បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពទ្យមួយកន្លែង នៅឯស្រុកកំណើតរបស់គាត់ Kyotango ភាគខាងកើតប្រទេសជប៉ុន ដោយជរាពាធ កាលពីព្រឹកព្រលឹមថ្ងៃពុធ ម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូ ឆ្នាំកន្លងទៅ លោកតា Kimura ត្រូវបានកំណត់ត្រាពិភពលោកទទួលសា្គល់ថា ជាមនុស្សដែលមានវ័យចាស់ ជាងគេលើលោក ។ យ៉ាងណាមិញបើយោងតាមសម្តីក្មួយប្រុសលោកតាផ្ទាល់ ឈ្មោះ Tamotsu Miyake អោយដឹងថា ខ្ញុំបាទចង់អោយគាត់មានជីវិតរស់នៅ យូរជាងនេះទៅទៀត ខណៈពេលដែលជីវិតរបស់គាត់ពោរពេញទៅដោយការគោរពស្រឡាញ់។
គួររំឭកផងដែរថា លោកតា Kimura ដែលត្រូវបានសន្មត់ថាមានអាយុកាលរស់នៅយូរជាងគេនោះ ក៏ព្រោះលោកតាផ្ទាល់បរិភោគអាហារណា ដែលផ្តល់នូវសុខភាពល្អ តែប៉ុណ្ណោះ ស្របពេលដែលលោកតា បានចូលនិវត្តន៍ ពីជិវិតការងារជាអ្នករត់សំបុត្រក្នុង អំឡុងឆ្នាំ ១៩៦២ ។ លុះក្រោយមកទៀត គាត់ងាកខ្លួន មកធ្វើការកសិកម្មរហូតដល់វ័យ ៩០ ឆ្នាំឯណោះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN