ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍មួយ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស newsfeed កាលពីម្សិលមិញនេះអោយដឹងថាពលរដ្ឋទីបេ បានពាក់ក្បាលតុក្កតាជារូបលោក ស៊ី ជីនពីង រួចរាំបទ Gangnam Style ដែលកំពុងតែទទួលបានការពេញនិយមទូទាំងពិភពលោក គោលបំណងជាសារមួយចង់អោយមេដឹកនាំថ្មី គណបក្សកុម្មុយនីស្តចិនធ្វើការដោះស្រាយទៅលើតំបន់ស្វយ័តទីបេ Himalayan។

គួររំឭកផងដែរថា ការដែលរាំបទ Gangnam Style ដោយបានពាក់ក្បាលតុក្កតាជារូបលោក ស៊ី ជីន ពីង នេះអាចធ្វើទៅបានដោយសារតែពួកគេបានដឹងថា លោក ស៊ី ជីនពីង នឹងក្លាយជាមេដឹកនាំថ្មី ដែលការប្រកាសជាផ្លូវការនឹងត្រូវបានធ្វើឡើងនាថ្ងៃព្រហស្បត្តិ៍ខាងមុខនេះ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តរយៈពេលមួយសប្តាហ៍កន្លងមកនេះ ត្រូវបានបញ្ចប់។
លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា ក្នុងអំឡុងរយៈពេលត្រឹមតែមួយសប្តាហ៍នៃការសមាជបក្សកុម្មុយនីស្តមួយនេះ ជនជាតិទីបេ ដល់ទៅ ៩ រូបត្រូវបានស្លាប់បាត់បង់ជីវិត ដោយពួកគេបានសំរេចចិត្តក្នុងការដុតខ្លួនឯងផ្ទាល់ ដើម្បីជាការប្រឆាំងតវ៉ាទៅនឹងរដ្ឋាភិបាលចិន អោយមានការដោះស្រាយសមស្របទៅលើតំបន់ស្វយ័តទីបេ Himalayan ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃព្រហស្បត្តិ៍ស្អែកនេះ ប្រធានាធិតីចិនលោក ហ៊ូជីនតាវ ដែលកាន់អំណាច ១០ ឆ្នាំ ជាទូទៅត្រូវ បានគេរំពឹងថា នឹងផ្ទេរការគ្រប់គ្រងរបស់បក្ស កំពុងកាន់អំណាចទៅអោយអនុប្រធានាធិបតីរបស់លោកគឺលោក ស៊ី ជីនពីង៕
ដោយ ៖ រិទ្ធីប្រភព ៖ newsfeed