ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពីមានការតាមដានស៊ើបអង្កេត អស់រយៈពេល ៣ ថ្ងៃមកទល់នឹងពេលនេះ ភ្នាក់ងារតាមដានស៊ើបអង្កេតពិសេស FBI បានចេញផ្សាយវីដេអូ ក៏ដូចជារូបថតជនសង្ស័យក្នុងការបំផ្ទុះគ្រាប់បែក នៅក្នុងរដ្ឋ Boston ដោយអំពាវនាវ អោយសាធារណជន ជួយកំណត់អត្តសញ្ញាណបុរសពីររូបនេះដែលត្រូវបានចាត់ទុកថាជាជនសង្ស័យ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ ដោយទំព័រសារព័ត៌មានបរទេស CNN ។
គួរបញ្ជាក់ផងដែរថា បុរសដែលត្រូវបានចាត់ទុកថាជាជនសង្ស័យរូបនោះ ត្រូវបានប្រមាញ់រូបជាប់ តាមរយៈកាម៉េរ៉ាសុវត្តិភាព ដោយគេបានដើរចុះតាមបណ្តោយផ្លូវ Boylston ខណៈពេលដែលមានបុរសម្នាក់ផ្សេងទៀត ដែលចាត់ទុកថា ជាជនសង្ស័យដូចគ្នានោះ ដើរតាមប្រកិតពីរក្រោយ ។ បុរសដែលជាជនសង្ស័យទាំងពីររូបនោះ ត្រូវបានគេមើលឃើញថា បានទម្លាក់ចុះនូវកាបូបស្ពាយមួយ ក្បែរកន្លែងកើតហេតុ នៅក្នុងវិនាទី នៃការបំផ្ទុះជាលើកទីពីរ ដែលបានសម្លាប់មនុស្ស ៣ នាក់ និង ១៨០ នាក់ផ្សេងទៀត បានរងរបួស នេះបើយោងតាមសម្តីលោកប្រធាន DesLauriers មកពីភ្នាក់ងារពិសេស Rick នៃការិយាល័យស៊ើបអង្កេត FBI ប្រចាំរដ្ឋ Boston ។


លើសពីនេះទៅទៀត លោក DesLauriers ក៏បានគូសបញ្ជាក់បន្ថែមថា លោកនឹងព្យាយាមប្រមែប្រមូលរាល់ព័ត៌មានលំអិត ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ តែត្រូវតែមានការចូលរួមសហការ ដោយផ្តល់ជាព័ត៌មានទាក់ទង ពីសំណាក់មហាជនទូទៅ ។ លោកក៏បានព្រមានថា បុរសដែលចាត់ទុកថា ជាជនសង្ស័យជាបុគ្គលដែលមានគ្រោះថ្នាក់បំផុត។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN