ការកំចាត់ចោលនូវកំណកកំបោរលើធ្មេញ មិនមែនជារឿងងាយស្រួល ម្យ៉ាងទៀត វាទាមទារឱ្យមានជំនួយពីអ្នកឯកទេស។ ទន្តពេទ្យអាចនឹងប្រើប្រាស់ឧបករណ៍ផ្សេងៗគ្នា ដើម្បីកំចាត់កំណកកំបោរ ហើយវិធីនេះ ក៏ទាមទារឱ្យមានការអំណត់ និងទ្រឈឺចាប់ ប្រសិនកំណកកំបោរ មានសភាពក្រាស់ និងប៉ះពាល់ដល់អញ្ចាញ។
កំណកកំបោរគឺជាអ្វី ?
កំណកកំបោរ គឺជាស្រទាប់ពណ៌លឿងត្នោត រឹង ដែលតោងជាប់នៅលើធ្មេញ។ វាមានផ្ទុកសារជាតិរ៉ែរឹងរបស់ទឹកមាត់ បណ្ដាកំទេចកំទីរបស់វីរូស ជាដើម ដែលយូរៗទៅវានឹងឡើងរឹង។ ស្រទាប់របស់កំណកកំបោរ ត្រូវបានកើតឡើង ដោយការកកជាបន្តបន្ទាប់នៃបណ្ដាសារជាតិរ៉ែពីពីទឹក នៅពេលកំណកកំបោរ ស្ថិតនៅជាប់លើធ្មេញ ក្នុងរយៈពេលយូរ វានឹងនាំឱ្យខ្យល់ដង្ហើមមានក្លិនមិនល្អ ហើយវានឹងប្រែទៅជាពណ៌លឿង និងត្នោត។

វិធីល្អបំផុត គឺការទប់ស្កាត់កំណកកំបោរ ដោយការសម្អាត និងថែទាំធ្មេញ និងប្រើសូត្រដុសធ្មេញ ប្រកបដោយការប្រុងប្រយ័ត្ន និងញឹកញាប់។ ខាងក្រោមនេះ គឺជាបណ្ដាវិធី ជួយកំចាត់ និងទប់ស្កាត់កំណកកំបោរ ដ៏មានប្រសិទ្ធភាព ៖
ដុសធ្មេញត្រូវរបៀប ៖
ការដុសធ្មេញឱ្យបានត្រឹមត្រូវ ក្រោយពីទទួលទានអាហារ គឺអាចទប់ស្កាត់ការកកើតនៃកំណកកំបោរ។ ចូរប្រើប្រាស់ច្រាស់ដុសធ្មេញដែលមានសរសៃទន់ និងដុសឱ្យបានសទ្វកន្លែងនៅលើធ្មេញ។
ប្រើថ្នាំដុសធ្មេញដែលមានផ្ទុក fluoride ៖
ប្រើថ្នាំដុសធ្មេញដែលមានផ្ទុកហ្វ្លរ៉ាយ (fluoride) អាចជួយបង្កើនកម្រិត ហ្វ្លរ៉ាយ ក្នុងធ្មេញ ក្នុងនោះវាក៏ជួយកែលំអ និងទប់ស្កាត់ជម្ងឺដង្កូវស៊ីធ្មេញ។ ហ្វ្លរ៉ាយ ជួយឱ្យធ្មេញមាំមួនជាងមុន និងមិនងាយត្រូវរងផលអាក្រក់ពីអាហារ និងភេសជ្ជៈដែលបង្កើតអាស៊ីត។ ប្រើថ្នាំដុសធ្មេញដែលមានផ្ទុកហ្វ្លរ៉ាយ ក៏ជួយការពារធ្មេញពីបាក់តេរីអាក្រក់ ដែលត្រូវបង្កើតឡើងដោយកំណកកំបោរ។
ប្រើថ្នាំដុសធ្មេញដែលមានសារធាតុគ្រប់គ្រងកំណកកំបោរ ៖
ថ្នាំប្រភេទនេះ មានប្រយោជន៍ច្រើន ដល់ការបំបាត់នូវសំណល់អាហារ និងកំណកកំបោរ។ ថ្នាំនេះ មានផ្ទុកសមាសធាតុសំខាន់ៗ ដូចជា ប៉ៃរ៉ូហ្វូសហ្វេត ស័ង្កសី ស៊ីត្រេត ហ្វ្លរ៉ាយ។ល។ សារធាតុទាំងនេះ ជួយការពារមិនឱ្យមានកំទេសអាហារតោងជាប់នឹងធ្មេញ និងការពារការកកើតនៃកំណកកំបោរ។
ដុសធ្មេញនឹងម្សៅ Baking Soda ៖
ចូរលាយបញ្ចូលគ្នា រវាងម្សៅដុតនំ បេកឃិងសូដា មួយស្លាបព្រា និងអំបិលបន្ដិច។ បន្សើមច្រាស់ដុសធ្មេញ រួចយកវាទៅជ្រលក់នឹងល្បាយម្សៅដុតនំ ហើយចាប់ផ្ដើមដុសធ្មេញ បន្ទាប់មកខ្ពុរមាត់ឱ្យបានស្អាត។ ធ្វើបែបនេះ នឹងជួយការពារបញ្ហាកើតកំណកកំបោរ និងធ្វើឱ្យធ្មេញបាន ស ។
ប្រើប្រាស់សម្បកក្រូចពោធិ៍សាត់ ៖
វិធីមួយទៀតដែលអាចប្រើប្រាស់នៅផ្ទះ ដើម្បីកំចាត់កំណកកំបោរ នោះគឺ ការដុសធ្មេញដោយសម្បកក្រូចពោធិ៍សាត់ ហើយទុកឆ្លងរាត្រីដោយមិនចាំបាច់ខ្ពុរមាត់។ សម្បកក្រូចពោធិ៍សាត់ ក៏ត្រូវបានគេកិនម៉ត់ ដើម្បីធ្វើជាថ្នាំដុសធ្មេញផងដែរ។ សារជាតិនានាក្នុងសម្បកក្រូចនេះ ជួយសម្លាប់បាក់តេរីលើធ្មេញ និងធ្វើឱ្យធ្មេញបាន ស។
ទំពារបន្លែ និងផ្លែឈើ ៖
ល្អបំផុត គឺអ្នកគួរតែទំពារផ្លែប៉ោម ការ៉ុត បន្លែភ្លៅកង្កែប កំពីងពួយ។ល។ បន្ទាប់ពីទទួលទានអាហាររួចបានមួយម៉ោង ចូរទំពារបន្លែ ឬផ្លែឈើទាំងនេះ វានឹងជួយដុសធ្មេញរបស់អ្នកយ៉ាងស្អាត។ ប្រការនេះ មិនត្រឹមតែជួយសម្អាតកំទេចអាហារ និងការពារកំណកកំបោរប៉ុណ្ណោះទេ តែក៏ជាវិធីមួយ ជួយព្យាបាលអញ្ចាញធ្មេញផងដែរ។
ប្រើច្រាស់ដុសធ្មេញអេឡេចត្រូនិច
ច្រាស់ដុសធ្មេញនេះ មានប្រយោជន៍ជាងច្រាស់ដុសធ្មេញធម្មតា។ វាជួយបំបាត់កំណកកំបោរបានល្អ និងជួយឱ្យធ្មេញបានជ្រះស្អាត និងស រលោង។
ប្រើសូត្រទន្តពេទ្យ ៖

ការប្រើសូត្រទន្តពេទ្យក៏ជាវិធីល្អមួយ ក្នុងការបំបាត់ស្រទាប់អាហារដែលតោងជាប់នៅលើចន្លោះធ្មេញ។ ក្រោយពីខ្ពុរមាត់ អ្នកគួរប្រើសូត្រប្រភេទនេះ ដើម្បីរូតចន្លោះធ្មេញ ដើម្បីការពារមិនឱ្យមានកំណកកំបោរ និងរក្សាអនាម័យមាត់ធ្មេញ។
ប្រើប្រាស់ទឹកខ្ពុរមាត់កំចាត់មេរោគ ៖
ចូរប្រើប្រាស់ទឹកខ្ពុរមាត់ពិសេសមួយស្លាបព្រាបាយ លាយនឹងសារធាត់ hydrogen peroxide ៣% ចំនួន ៣ស្លាបព្រាបាយ ហើយខ្ពុរមាត់ក្នុងរយៈពេលច្រើនជាងមួយនាទី ដើម្បីបំបាត់សំណល់អាហារ និងបាក់តេរីអាក្រក់។ ចូរធ្វើបែបនេះ ឱ្យបានរៀងរាល់ក្រោយការទទួលទានអាហារ ឬយ៉ាងហោចឱ្យបានម្ដងក្នុងមួយថ្ងៃ។
ប្រើប្រាស់ឧបករណ៍កៀររបស់ទន្តពេទ្យ ៖
ចូរប្រើកញ្ចក់មូលតូច មានដងវែង ហើយយកឧបករណ៍កៀរធ្មេញនេះ ដើម្បីកៀរ កោស ទៅលើកំណកកំបោរនៅលើធ្មេញ។ ប៉ុន្ដែ វិធីនេះ ត្រូវតែធ្វើឡើងដោយថ្នមៗ និងកៀរបណ្ដើរ ខ្ពុរមាត់បណ្ដើរ។
ប្រើប្រាស់ផ្លែឈើដែលសម្បូរវីតាមីន C ៖

ចូរលាបម្សៅផ្លែឈើដែលសម្បូរវីតាមីន C ដូចជា ប៉េងប៉ោះ ឬស្ដ្រូបូរី ទៅលើធ្មេញរបស់អ្នក ហើយទុកចោលរយៈពេល ៥នាទី ក្រោយមក ខ្ពុរមាត់ដោយទឹកក្ដៅឧណ្ហឧណ្ហ លាយជាមួយ baking soda ។ ប្រការនេះនឹងជួយបំបាត់កំណកកំបោរ និងកំចាត់បាក់តេរីក្នុងមាត់។ ប៉ុន្ដែ ប្រសិនដំណោះស្រាយខាងលើ មិនអាចជួយអ្វីបាន ពេលនោះ អ្នកគួរទៅជួបពេទ្យធ្មេញ ដើម្បីទទួលការព្យាបាល៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ humana/sharecare