កូនប្រសាប្រុសរបស់ថៅកែលក់សម្ភារអគ្គិសនីនៅក្រុមហ៊ុន លក់គ្រឿង អគ្គិសនីដ៏ធំមួយ នៅតាមបណ្ដោយផ្លូវព្រះ មុនីវង្ស បានកើតទំនាស់ជាមួយបុគ្គលិករបស់ខ្លួនផ្នែកគណនេយ្យ ហើយកូនប្រសាថៅកែនោះ បានប្រើប្រាស់ កាំភ្លើងបាញ់ប្រហារទៅលើមេការរបស់ក្រុមហ៊ុននេះ បណ្ដាលឱ្យ ស្លាប់នៅក្នុងស្នាក់ការក្រុមហ៊ុនតែម្ដង ដែលមើលទៅហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១៦ ឧសភា ២០១២ គឺហាង ភី ភី ជេណឺរ៉ល លេខ២២៨ នៅម្តុំវត្តកោះតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាបុរសបាត់បង់ជីវិតឈ្មោះវង្ស សុក្រឹតសាបុត្រ អាយុ៣២ឆ្នាំ ត្រូវជនដៃដល់ឈ្មោះឡុង ងួនវុទ្ធី ហៅទូច អាយុ៤៩ ឆ្នាំ ជាកូនប្រសារបស់ថៅកែហាងខាងលើនេះ បាញ់ចំក្បាល និងខ្លួនស្លាប់ក្នុងថ្លុកឈាម។

យោងតាមប្រភពព័ត៌មានកាសែត បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះឡុង ងួនវុទ្ធី និងវង្ស សុក្រិត តាបុត្រ ដែលស្ថិតនៅជាន់ខាងក្រោម បាន ឈ្លោះប្រកែកគ្នា ក្រោយមក ស្រាប់ តែពួកគេអូសគ្នាឡើងទៅជាន់ទី១ ស្រាប់តែគេឮ ស្នូរ គ្រាប់កាំភ្លើងផ្ទុះឡើង ៤-៥គ្រាប់នៅជាន់ ទី១ បង្កឲ្យបុគ្គលិក និងភ្ញៀវក្នុងហាងភ័យរន្ធត់ញ័រដៃជើងផ្អើលឆុររត់ប្រសាចចុះពី ជាន់ទី១ មកជាន់ផ្ទាល់ដី ដើម្បីគេចពីគ្រោះថ្នាក់។ ក្រោយការ ផ្ទុះអាវុធ សមត្ថកិច្ចចម្រុះជាច្រើន បានចុះទៅកន្លែងកើតហេតុ ហើយធ្វើការ ឡោមព័ទ្ធមិនទាន់ហ៊ានឡើងទៅជាន់ទី១ ភ្លាមៗនោះទេ ដោយសារតែដឹងថា នៅជាន់ ទី១ មានមនុស្សដែលមានអាវុធនៅខាង លើនោះ។ លុះនៅម៉ោងប្រមាណជិត៤ សមត្ថកិច្ច សម្រេចសម្រុកចូលឡើងទៅជាន់ទី១ ដែល ជាកន្លែងផ្ទុះអាវុធ មិនឃើញមានមនុស្ស ហើយខណៈរុករកពីបន្ទប់មួយទៅបន្ទប់មួយ គេឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុង បន្ទប់ ក្បែរតុការិយាល័យរបស់ខ្លួន ដោយ មានស្នាមត្រូវគ្រាប់កាំភ្លើង ដែលសាកសព នេះ ក្រោយមកត្រូវគេស្គាល់ថា ឈ្មោះវង្ស សុក្រិតតាបុត្រ ជាមេការរបស់ក្រុមហ៊ុន និង សាកសពបុរសម្នាក់ទៀត ដេកស្លាប់នៅក្នុង បន្ទប់ទឹកចម្ងាយពីគ្នាប្រមាណ១០ម៉ែត្រ ដោយមានស្នាមត្រូវគ្រាប់កាំភ្លើងចំក្បាល ហើយនៅក្បែរដៃ មានកាំភ្លើងខ្លីមួយដើម ដែលបុរសនេះ ត្រូវបាន គេស្គាល់ឈ្មោះឡុង ងួនវុទ្ធី។
ពេលនេះ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ ក៏ប៉ុន្តែគ្មានប្រភពណាមួយអះអាងពីមូលហេតុ ឲ្យបានច្បាស់លាស់នោះឡើយ។