អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីឆ្លាមសមុទ្រដ៏កំណាច បានបើកការវាយប្រហារដោយខាំក្បាលជង្គង់គាត់ទាំងសងខាង ខណៈពេលដែលគាត់សំយុងជើងចុះ ដោយអង្គុយស្ទួចត្រី។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះមានឈ្មោះថា Alan Saunders មានវ័យ៥១ ឆ្នាំ ហើយបើនិយាយ ពីករណីវាយប្រហារមួយនេះវិញ បានកើតឡើងនៅឯឈូងសមុទ្រ New South Wales ប្រទេស អូស្រ្តាលី ។

លើសពីនេះបើយោងតាមការបញ្ជាក់អះអាងពីបងប្អូប្រុសរបស់ជនរងគ្រោះក៏បានដឹងផងដែរថា ឆ្លាមកំណាចមួយក្បាលនេះ បានបែរក្បាលមកខាំគាត់វិញ ខណៈពេលដែលគាត់លែងវាចេញពីសំណាញ់ បន្ទាប់ពីចាប់បានត្រីឆ្លាម ៣ ក្បាល ។ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ដោយបានបញ្ជូនគាត់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តាមរយៈឡានពេទ្យសង្គ្រោះបន្ទាន់ ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ