យោងតាមទំព័រ Seasky នៅក្នុងឆ្នាំ ២០១៥ នឹងមានព្រឹត្តិការណ៍ធម្មជាតិដ៏អស្ចារ្យជាច្រើនកើតឡើង ក្នុងនោះ ក៏មានបាតុភូតសូរ្យគ្រាសទាំងស្រុង សូរ្យគ្រាសរាងព្រះចន្ទ ឬចន្ទគ្រាសពណ៌ឈាមជាដើមផងដែរ។

ខាងក្រោមនេះ យើងខ្ញុំសូមលើកយកបាតុភូតដែលទាក់ទិននឹងព្រះអាទិត្យ ព្រះចន្ទ និងផែនដី ៖
១. ថ្ងៃទី ២០មិនា ៖ សូរ្យគ្រាសទាំងស្រុង
នេះគឺជាបាតុភូតធម្មជាតិមួយ ដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងឆ្នាំ ២០១៥។ សូរ្យគ្រាសទាំងស្រុងនេះ កើតឡើងនៅពេលព្រះចន្ទដើរដល់ចំនុចដែលអាចបាំងព្រះអាទិត្យទាំងស្រុង ប៉ុន្ដែ រស្មីជារង្វង់មូល នៅតែមាន បង្កជាទិដ្ឋភាពស្រស់ត្រកាល គួរចង់ទស្សនា។
បាតុភូតនេះ នឹងចាប់ផ្ដើមពីតំបន់កណ្ដាលសមុទ្រអាត្លង់ទិច ក្រោយមកវានឹងឆ្លងកាត់តំបន់ Greenland រហូតដល់តំបន់ Siberia ភាគខាងជើង។ សូមកុំបោះបង់ឱកាសដែលអាចឱ្យអ្នកបានទស្សនាទិដ្ឋភាពសូរ្យគ្រាសទាំងស្រុង ដែលនឹងកើតឡើងនៅថ្ងៃទី ២០មិនា។

សូរ្យគ្រាស កើតឡើងនៅពេលព្រះចន្ទដើរដល់ចំនុចដែលអាចបាំងព្រះអាទិត្យ មិនឱ្យជះពន្លឺមកផែនដី
២. ថ្ងៃទី ៤មេសា ៖ ចន្ទគ្រាសពណ៌ឈាម
នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៥ ស្រមោលងងឹតរបស់ផែនដី នឹងគ្របដណ្ដប់ទាំងស្រុង ទៅលើព្រះចន្ទ ដែលគេហៅថា ចន្ទគ្រាស ឬរាហុរចាប់ចន្ទ។ ពេលនោះ ព្រះចន្ទនឹងលែងបញ្ចេញពន្លឺដូចធម្មតា ប៉ុន្ដែ វាបែរទៅជាពណ៌ក្រហម ដែលនាំឱ្យគេហៅថា បាតុភូត “ព្រះចន្ទឈាម” (Blood Moon)។
ប្រជាជននៅក្នុងតំបន់អាមរិកខាងជើង អាមេរិកខាងត្បូង អាស៊ីខាងកើត និងអូស្ដ្រាលី នឹងបានទស្សនាទាំងស្រុងនូវបាតុភូតតារាសាស្ដ្រនេះ។
៣. ថ្ងៃទី ១៣ កញ្ញា ៖ សូរ្យគ្រាសរាងព្រះចន្ទ
បាតុភូតនេះ កើតឡើងនៅពេលព្រះចន្ទ ហោះមកបាំងមួយផ្នែករបស់ព្រះអាទិត្យ។ មួយផ្នែករបស់ព្រះអាទិត្យដែលមិនត្រូវបានបាំង នៅតែបញ្ចេញពន្លឺ ប៉ុន្ដែ មានសភាពស្រទន់។ យោងតាមក្រុមអ្នកជំនាញការ គេអាចទស្សនាបានពេញភ្នែកនូវបាតុភូតនេះ នៅក្នុងទ្វីបអាហ្វ្រិក និង Madagascar ។

នេះជារូបភាពបង្ហាញពីបាតុភូត ចន្ទគ្រាស ៖ ចន្ទគ្រាសកើតឡើងនៅពេលផែនដីបាំងព្រះអាទិត្យ មិនឱ្យជះពន្លឺទៅលើព្រះចន្ទ
៤. ថ្ងៃទី ២៨កញ្ញា ៖ រាហុរចាប់ចន្ទទាំងស្រុង
បាតុភូតដែលគេហៅថា រាហុរចាប់ចន្ទ ឬចន្ទគ្រាសនេះ កើតឡើងនៅពេលព្រះចន្ទ ដើរចូលទៅក្នុងស្រមោលងងឹតរបស់ផែនដី ធ្វើឱ្យព្រះចន្ទ មិនអាចទទួលបានពន្លឺពីព្រះអាទិត្យ។ ប្រជាជននៅអាស៊ីខាងកើត អាហ្វ្រិក អាមេរិកខាងជើង/ត្បូង និងអឺរ៉ុប សុទ្ធតែមើលឃើញទិដ្ឋភាពនេះ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Seasky