មិនគួរអោយជឿ ៖ លោកយាយ ជនជាតិ ម៉ិចសិក ទើបតែបានទទួលសញ្ញាប័ត្រថ្នាក់បឋមសិក្សារបស់ ដែលស្តែងអោយឃើញថា លោកយាយពិតជាបានបញ្ចប់ថ្នាក់បឋមរបស់ខ្លួនជាស្ថាពរហើយ ក្នុងជន្មាយុ ១០០ ឆ្នាំ នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច ។
លោកយាយ Manuela Hernandez បានកើតនៅក្នុងរដ្ឋ Oaxaca ក្នុងឆ្នាំ ១៩១៣ បានសំរេចចិត្តបញ្ឈប់ការសិក្សាថ្នាក់បឋមរបស់ខ្លួនសិន កាលពីឆ្នាំនោះ ដោយហេតុតែជួយរកប្រាក់ចំណូលជ្រោងគ្រួសារក្រីក្ររបស់លោកយាយ។

ដោយឡែក អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា លោកយាយទើបតែបានបន្តថ្នាក់បឋមរបស់ខ្លួន កាលពីខែតុលា ឆ្នាំមុននេះ ក្នុងជន្មាយុ ៩៩ ឆ្នាំ។ មកទល់នឹងពេលនេះ លោកយាយត្រូវបានទទួលស្គាល់ថា បានបញ្ចប់ថ្នាក់បឋមរបស់ខ្លួនជាស្ថាពរហើយ បន្ទាប់ពីមានការរៀបចំកម្មវិធីប្រគល់សញ្ញាប័ត្រថ្នាក់បឋម ទៅអោយលោកយាយ នៅឯរដ្ឋភាគខាងត្បូងប្រទេសម៉ិចសិក។
លោកយាយបានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ក្រុមសារព័ត៌មានថា ៖ លោកយាយពិតជាចូលចិត្តការសិក្សាជាខ្លាំង តែដោយសារតែ វាសនាមិនអំណោយផល លោកយាយក៏បានបញ្ឈប់ការសិក្សាថ្នាក់បឋមរបស់ខ្លួន តែម្តងនាឆ្នាំនោះ ។ មិនត្រឹមតែប៉ុណ្ណោះ ដោយហេតុលោកយាយមានចិត្តស្រឡាញ់ការសិក្សា លោកយាយបញ្ជាក់យ៉ាងច្បាស់ថា នឹងបន្តការសិក្សាថ្នាក់វិទ្យាល័យរបស់ខ្លួន។
គួររំឭកផងដែរថា ពលរដ្ឋច្រើនជាង ៥០ ភាគរយ មកពីរដ្ឋ Oaxaca ដែលមានអាយុច្រើនជាង ១៥ ឆ្នាំ ពូកគេមិនទាន់បានបញ្ចប់ថ្នាក់បឋមរបស់ខ្លួននៅឡើយនោះទេ៕
ដោយ ៖ ពិសីប្រភព ៖ ស្កាយ