បើយោងទៅតាមប្រភពសារព័ត៌មានមួយចំនួនដូចជា The Daily Mail និង UK's Sun បានអោយដឹងថា ៖ ក្មេងប្រុស ប៉ាគីស្ថានម្នាក់ដែលមានវ័យទើបតែ ៨ ឆ្នាំ និងមានឈ្មោះថា Shafay Thobani បានទទួលវិញ្ញាប័នប័ត្របញ្ជាក់ពីក្រុមហ៊ុន Microsoft ខណៈពេលដែលមានមនុស្សមួយចំនួនផ្សេងទៀត ពិបាកនឹងទទួលបាន។
លើសពីនេះទៅទៀត បើយោងទៅតាមគេហទំព័រផ្ទាល់ខ្លួនរបស់គេដែលមានឈ្មោះថា Shafay ក៏បាន បញ្ជាក់ផងដែរថា រូបគេបានចាប់ផ្តើមធ្វើការជាមួយកុំព្យូទ័រចាប់តាំងពីអាយុ ៤ ឆ្នាំមកម្ល៉េះក្រោយមក នៅពេលដែលគេមានអាយុប្រមាណជាង ៧ ឆ្នាំ គេក៏បានចាប់ផ្តើមហ្វឹកហាត់ខ្លួនគេផ្ទាល់ ដើម្បីអោយក្លាយជាអ្នកជំនាញខាង Microsoft ។

គួរបញ្ជាក់ផងដែរថា ឪពុករបស់ Shafay មានឈ្មោះថា Shah Thobani ដែលគាត់គឺជា CEO ប្រចាំក្រុមហ៊ុនបច្ចេកវិទ្យា Thobson Technologies នៅក្នុងទីក្រុង Karachi ។ ទន្ទឹមនិងពេលនេះដែរឪពុករូបនេះ ក៏បានផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន The Sun ផងដែរថា ៖ ខ្ញុំពិតជាមានសំណាងមែនទែន ស្របពេលដែលខ្ញុំតែងតែទទួលបាន feedback ល្អៗ ពីលោកគ្រូអ្នកគ្រូសរសើរចំពោះកូនរបស់ខ្ញុំ ហើយជារៀងរាល់ឆ្នាំខ្ញុំតែងតែលើកទឹកចិត្តគេជានិច្ច។
Shafay Thobani ចេះប្រើកុំព្យូទ័រយ៉ាងស្ទាត់ជំនាញ តាំងពីអាយុ 4 ឆ្នាំមកម្ល៉េះ
មិនត្រឹមតែប៉ុណ្ណោះ បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មានមួយផ្សេងទៀត គឺប្រភព The DailyMail បានបញ្ជាក់អោយដឹងថា ក្នុងចំណោមអ្នកដែលទទួលបានវិញ្ញាប័នប័ត្រពី Microsoft ក្មេងប្រុសវ័យ ៨ ឆ្នាំរូបនេះ គឺជាមនុស្សក្មេងជាងគេបំផុតស្របពេលដែលទទួលបានវិញ្ញាប័នប័ត្រនេះ ខណៈពេលដែលមានក្មេងដទៃទៀត ក៏ធ្លាប់ទទួលបានវាដែរ ពោលគឺ ក្មេងស្រីវ័យ ៩ ឆ្នាំជនជាតិឥណ្ឌាមួយរូបផ្សេងទៀត។
ក្រឡេកមកមើល ក្មេងប្រុសដែលទើបតែទទួលបានវិញ្ញាប័នប័ត្រពីក្រុមហ៊ុន Microsoft រូបនេះវិញបើនិយាយពីអ្វីដែលគេបានសរសេរនៅក្នុងគេហទំព័ររបស់គេ ក៏ដូចជាក្តីសុបិន្ថរបស់គេនោះគឺថាគេចង់ជួយពលរដ្ឋក្រីក្រនៅក្នុងប្រទេសនេះ ក៏ដូចជា ចង់ជួបលោក Bill Gates ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Microsoft ផងដែរ។ លើសពីនេះទៅទៀត គេក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា ក្រុមហ៊ុន Microsoft នឹង ទទួលជួលគេធ្វើជាទីប្រឹក្សាផងដែរ៕
ដោយ ៖ មង្គលប្រភព ៖ huffingtonpost