សកម្មភាពឪពុកពោះម៉ាយកម្សត់ ជនជាតិចិនម្នាក់ អៀវកូនដើរដោយថ្មើរជើង ជិត៣០គីឡូម៉ែត្រ/ថ្ងៃ ដើម្បីនាំទៅសាលារៀន ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនៃប្រទេសនេះ រំជួលចិត្ត។

Yu Xukang រស់នៅក្នុងតំបន់ជនបទ នៃខែត្រ ស៊ីឈួន តែងតែក្រោកពីព្រឹកព្រលឹម ហើយអៀវកូនដើម្បីធ្វើដំណើរទៅរៀន នេះបើតាមគេហទំព័រ Shanghaiist ។ ប្រហែលម៉ោង ៩ ឪពុកពោះម៉ាយ អាយុ ៤០ឆ្នាំ រូបនេះ ត្រឡប់មកផ្ទះ ធ្វើការ រួចវិលទៅទទួលកូន នៅវេលាម៉ោង ៤រសៀល។លោក Yu Xukang ត្រូវធ្វើដំណើរដោយថ្មើរជើង សរុប ២៨គីឡូម៉ែត្រក្នុងមួយថ្ងៃ ដើម្បីនាំកូនទៅរៀន ព្រោះថា តំបន់នេះ មិនមានរថយន្ដ ឬម៉ូតូឆ្លងកាត់។កុមារា Qiang ដែលជាកូនរបស់លោក Yu Xukang មានអាយុ ១២ឆ្នាំហើយ តែទើបរៀនថ្នាក់ទី ១ ដោយសារតែដៃជើង និងឆ្អឹងខ្នង ត្រូវពិការ។ ម្ដាយរបស់ Qiang បានរត់ចោលប្ដី និងកូន តាំងពី Qiang មានអាយុ ៣ឆ្នាំ។ ចាប់ពីពេលនោះមក Yu Xukang ត្រូវតែលតោល ចិញ្ចឹមកូនតែម្នាក់ឯង។ Yu Xukang រៀបរាប់ថា ៖ “ខ្ញុំបាននាំកូនទៅព្យាបាលស្ទើរគ្រប់កន្លែង ចាប់ពីមណ្ឌលសុខភាពនៅក្នុងខណ្ឌ រហូតដល់មន្ទីរពេទ្យក្រុង។ ប៉ុន្ដែ ក្រុមគ្រូពេទ្យមិនដឹងថា កូនខ្ញុំមានជម្ងឺអ្វី”។ផ្លូវតាមជើងភ្នំ មានសភាពរដិបរដុប ពេញដោយថ្ម តូចធំ ធ្វើឱ្យលោក Yu Xukang ត្រូវប្ដូរស្បែកជើងដល់ទៅ ៣សម្រាប់ ក្នុងរយៈពេលកន្លះឆ្នាំ ដោយសារតែវាដាច់។ នៅតាមបណ្ដោយដងផ្លូវ ប្រការដែលគ្រោះថ្នាក់បំផុត គឺការបង្ហាញខ្លួនរបស់ឆ្កែព្រៃ ប៉ុន្ដែ Yu Xukang បានរកឃើញវិធី ដើម្បីដេញពួកវា។

ឪពុកកម្សត់ម្នាក់នេះ ប្រាប់ថា ថ្វីបើសាលានៅឆ្ងាយ ប៉ុន្ដែពួកគាត់មិនដែលទៅយឺតម៉ោងម្ដងណានោះឡើយ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ whatsonxiamen/Shanghaiist