មិនបានចូលរួមការតាំងពិព័រណ៍ CES 2013 ប៉ុន្តែ Apple កំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍ពេលដែលគេហទំព័រ Wall Street Journal ទើបតែបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងតែធ្វើការអភិវឌ្ឍន៍ iPhone Version ថ្មីមួយលក់ក្នុងតំលៃថោកជាងមុន ក្នុងគោលបំណងប្រកួតប្រជែងជាមួយផលិតផល Android។ ក្នុងនោះ ផលិតផលថ្មីនេះនឹងធ្វើការបង្ហាញខ្លួននៅក្នុងឆ្នាំ 2013 នេះ ប៉ុន្តែមិនដឹងថា នៅដើមឆ្នាំ រឺក៏ចុងឆ្នាំនោះទេ។

ព័ត៌មានខាងលើអាចជឿជាក់បានច្រើន ព្រោះថា Wall Street Journal ត្រូវបានគេដឹងថា មានភាពជិតស្និទ្ធជាមួយ Apple ដែលមុននេះបណ្តាព័ត៌មានពី iPhone 5 ក៏ដូចជា iPad Mini ដូចជាថ្ងៃបង្ហាញខ្លួន សុទ្ធតែត្រឹមត្រូវទាំងអស់។

/

ទន្ទឹមនឹងព័ត៌មានខាងលើ  Bloomberg ក៏បានទទួលព័ត៌មានពាក់ព័ន្ធមួយពីអ្នកមិនបង្ហាញឈ្មោះបានឲ្យដឹងថា Apple កំពុងតែអភិវឌ្ឍ iPhone Version ថ្មីមួយ តំលៃថោកជាងមុនដើម្បីបំពេញតម្រូវការអតិថិជនគ្រប់គ្នាតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ។ ផលិតផលនេះនឹងត្រូវបង្ហាញខ្លួននៅចុងឆ្នាំ 2013 ដែលដាក់លក់ចាប់ពីតំលៃ 99 USD ដល់ 149 USD ប៉ុណ្ណោះ។

ប្រភពព័ត៌មានមួយផ្សេងទៀតពី Digitimes (តៃវ៉ាន់) ក៏បានឲ្យដឹងថា Apple កំពុងចាប់ផ្តើមសហការ ជាមួយដៃគូផលិតនៅប្រទេសចិន ដើម្បីផលិតនូវ iPhone Version ថ្មីដែលមានតំលៃថោកជាងមុន។ ក្រៅពីនេះ Version ថ្មីមួយទៀតដែលមានអេក្រង់ធំជាង iPhone 5 (4 inch) ក៏កំពុងធ្វើការស្រាវជ្រាវ នាំចូលធ្វើការផលិតផងដែរ។

កាលពីខែធ្នូ ក្រុមអ្នកអភិវឌ្ឍន៍ Software មួយចំនួនបានរកឃើញថា Apple កំពុងតែសាកល្បងគំរូ iPhone ចម្លែកមួយ ដែលត្រូវបានគេចាត់ទុកថាជា iPhone 6 រឺ 5S ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 7 នៅទីចាត់ការកណ្តាលរបស់ក្រុមហ៊ុន៕

ដោយ៖ សិលាប្រភព៖ VE