ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស worldnewstoday កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីដែលជាកូនក្រមុំម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបានចាក់សម្លាប់កូនកំលោះ រហូតដល់បាត់បង់ជីវិតក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ។

គួរបញ្ជាក់ផងដែរថា កូនក្រមុំដែលជាជនជាប់ចោទរូបនោះ មានឈ្មោះថា Nacola Franklinវ័យ ៣១ ឆ្នាំ ជាពលរដ្ឋរស់នៅតំបន់ Westminster ភាគកណ្តាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ដោយឡែក បើនិយាយពីជនរងគ្រោះ ដែលជាកូនកំលោះ ស្លាប់បាត់បង់ជីវិតរូបនោះវិញ មានឈ្មោះថា Billy Brewster វ័យ ៣៦ ឆ្នាំ។
លើសពីនេះប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច ដោយធ្វើការចាប់ឃាត់ខ្លួនស្រ្តីជាកូនក្រមុំបន្ទាប់ពីនាងបានចាក់ចំបេះដូងបុរសជាកូនកំលោះ រីឯកូនកំលោះរូបនោះ ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ Lehigh County Hospital តែក្រោយមក គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
គួររំឭកផងដែរថា បើយោងតាមសម្តីមន្រ្តីប៉ូលីស បានបញ្ជាក់ថា មិនទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ថាតើមានរឿងអ្វី ក៏ដូចជាមានកត្តាអ្វី ដែលបានធ្វើអោយនាងជាកូនក្រមុំដាច់ចិត្តធ្វើបែបនេះ ស្របពេលដែលតាមដានស៊ើបអង្កេតសាកសួរព័ត៌មានលំអិតនៅតែបន្តមាននៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ worldnewstoday