អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានសឹង្ហបុរី អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ពលរដ្ឋសឹង្ហបុរីម្នាក់ ជាអ្នកបើកតាក់ស៊ីនោះ បានរើសបានលុយជាង ១ លានដុល្លារឯណោះ តែអ្វីដែលរឹតតែអស្ចារ្យនោះគឺថា គាត់មិនបានយកវាទុកនោះទេ តែគាត់បានប្រគល់ទៅអោយម្ចាស់ដើមវិញ។

គួរបញ្ជាក់ផងដែរថា ពលរដ្ឋសឹង្ហបុរី ដែលជាអ្នកបើកតាក់ស៊ី និងមានចិត្តសប្បុរសរូបនោះ មានឈ្មោះថា Sia Ka Tian វ័យ ៧០ ឆ្នាំ លើសពីនេះទៅទៀត គាត់ក៏បានផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មានផងដែរថា ៖ ខ្ញុំបានរកឃើញលុយទាំងនេះ នៅក្នុងការបូបខ្មៅមួយ នៅឯកៅអីរថយន្តខាងក្រោយរបស់ខ្ញុំ បន្ទាប់ពីបានដឹកភ្ញៀវបរទេសជាគូស្វាមីភរិយាជនជាតិថៃទៅទម្លាក់នៅឯផ្សារទំនើប។
ភ្លាមៗនោះ កាលដែលបានឃើញលុយទាំងនេះហើយ គាត់ក៏បានយកវាទៅកាន់ការិយាល័យបាត់របស់របរ ComfortDelGro's lost-and-found office ដោយគាត់បានបញ្ជាក់ថា លុយទាំងនេះ វាមិនមានសារៈសំខាន់ចំពោះខ្ញុំនោះទេ ក៏ដោយសារតែវាមិនមែនជារបស់ខ្ញុំ ហើយខ្ញុំក៏មិនដឹងថា ប្រើប្រាស់វាយ៉ាងម៉េចនោះដែរ។

រំពេចនោះ គូស្វាមីភរិយាជនជាតិថៃ ( មិនបានបញ្ជាក់អត្តសញ្ញាណ ) ដែលបានបាត់ប្រាក់ទាំងនោះ ក៏ធ្វើដំណើរទៅកាន់ការិយាល័យបាត់របស់របរមួយនេះផងដែរ ស្របពេលដែលលោកតា ដែលជាអ្នកបើកតាក់ស៊ីបានអះអាងថា ពួកគេនេះហើយដែលជាអ្នកបាត់ទឹកប្រាក់ទាំងនេះនៅលើរថយន្តតាក់ស៊ីរបស់គាត់ ។ ដោយទឹកចិត្តត្រេកអរជាពន់ពេក គូស្វាមីភរិយាមួយគូរនោះ ក៏បានផ្តល់ជូននូវបា្រក់រង្វាន់មួយចំនួន ដើម្បីជាការថ្លែងអំណរគុណ ស្របពេលដែលក្រុមហ៊ុនរបស់គាត់ផ្ទាល់ក៏បានផ្តល់ជារង្វាន់លើកទឹកចិត្ត ក៏ដូចជា ពានកិត្តិយសផងដែរ៕
ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន