គ្រោះថ្នាក់ ៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រភពសារព័ត៌មាន Asiaone បានអោយដឹងថា ស្រ្តីវ័យចំណាស់ម្នាក់ រួមជាមួយកូនប្រុសតូចវ័យ៤ ឆ្នាំម្នាក់ បានដើរធ្លាក់ចូលទៅក្នុងគន្លងផ្លូវរថ របស់រថភ្លើង ដែលវាគឺជារឿងគ្រោះថ្នាក់បំផុត។
គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុមួយនេះ បានកើតឡើងនៅឯស្ថានីយ៍រថភ្លើងក្រោមដី នារដ្ឋBoston ដោយស្រ្តីជាម្តាយវ័យ ៣៧ ឆ្នាំមានឈ្មោះថា Meera Thakrar រួមទាំងបានពរកូនប្រុសវ័យ៤ ឆ្នាំម្នាក់នៅនឹងដៃ បានដើរធ្លាក់ចូលទៅក្នុងគន្លងផ្លូវដែក របស់រថភ្លើង ខណៈដែលនាងមិនបានចាប់អារម្មណ៍។

ភ្លាមៗនោះ ក៏មានការអន្តរាគមពីសំណាក់អ្នកដែលនៅជុំវិញទីនោះ ដោយបានលោតចុះទៅជួយស្រ្តីរូបនោះ រួមជាមួយកូនប្រុសតូចផងដែរ មុនពេលដែលរថភ្លើងជិតមកដល់ ។ គូររំឮកផងដែរថា ក្រោយពីមានការជួយសង្រ្គោះ ក៏មានការលាន់មាត់ដែរថា វាគឺគ្រោះថ្នាក់បំផុត ដែលបានយកជីវិត ទៅលលេងនឹងទ្វារមច្ចុរាជ នេះសំណាងហើយដែលរថភ្លើងមិនទាន់បានមកដល់ ចុះបើរថភ្លើងបានមកដល់វិញ តើនឹងមានសោកនាដកម្មអ្វីបានកើតឡើង។
ដូច្នេះ នេះជាការដាស់តឿន ដល់បណ្តាប្រិយមិត្តអ្នកអានទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ទោះជានៅទីណាក៏ដោយ ដោយត្រូវចងចាំថា សុវត្ថិភាពជាចំបង ៕
ដោយ ៖ រិទ្ធីប្រភព ៖ Asiaone