ព័ត៌មានអន្តរជាតិ ៖ អគ្គីភ័យឆាបឆេះ ជំរុំជនភៀសខ្លួន ភាគពាយព្យ ប្រទេសថៃ សម្លាប់មនុស្សយ៉ាងហោច ៣២ នាក់ និង ១០០ នាក់ផ្សេងទៀត បានរងរបួស នេះបើយោងតាមសម្តីមន្រ្តីផ្លូវការមកពីក្រសួងសុខាភិបាលថៃ ក៏ដូចជា ការដកស្រង់ព័ត៌មានដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស CNN ។

លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែល បានបន្ថែមអោយដឹងផងដែរថា ការតាមដានស៊ើបអង្កេត បានចាប់ផ្តើមចេញយុទ្ធនាការរបស់ខ្លួន ដើម្បីតាមដានរកមូលហេតុពិតនៃការឆាបឆេះជំរុំជនភៀសខ្លួនមួយនេះ ដែលបានបណ្តាលអោយជនភៀសខ្លួន ប្រមាណជាង២,៣០០ នាក់ គ្មានទីស្នាក់អាស្រ័យ។

គួររំឭកផងដែរថា ជំរុំជនភៀសខ្លួនមួយនេះ មានឈ្មោះថា Ban Mae Surin refugee camp មានទីតាំងស្ថិតនៅក្នុងខេត្ត Mae Hong Son ភាគពាយព្យ ប្រទេសថៃ ។ លើសពីនេះ បើយោងតាមសម្តី Mireille Girard ដែលអ្នកភ្នាក់ងារតំណាង អង្កការសហប្រជាជាតិប្រចាំប្រទេសថៃ ផ្តោតសំខាន់លើកិច្ចការជំរុំជនភៀសខ្លួននោះ បានអោយដឹងថា ពួកយើងពិតជាមានអារម្មណ៍សោកស្តាយជាខ្លាំង បន្ទាប់ពីបានកើតមានឡើងនូវករណីខាងលើនេះ ហើយពួកយើងនឹងប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុងការជួយជនភៀសខ្លួនទាំងនោះ តាមរយៈការផ្តល់ជំនួយសង្គ្រោះជាបន្ទាន់។
គួរបញ្ជាក់ផងដែរថា ជំរុំជនភៀសខ្លួនមួយនេះ ត្រូវបានបើកកាលពីឆ្នាំ ១៩៩២ មកម្ល៉េះ ខណៈពេលដែលជនភៀសខ្លួនទាំងអស់ ភាគច្រើនភាសខ្លួនមកពីប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលប្រទេសនេះ ក៏កំពុងតែមានការប៉ះទង្គិចជាមួយនឹងក្រុមបំបែករដ្ឋ ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN