ជម្ងឺឫសដូងបាត កើតមានច្រើន ពិសេសគឺក្រុមមនុស្សដែលអង្គុយធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃ។ រោគសញ្ញារបស់ជម្ងឺនេះ គឺមានដូចជា រមាស់ ក្រហាយ និងចេញឈាមត្រង់រន្ធគូទ។ ក្នុងករណីខ្លះ ជម្ងឺនេះត្រូវការវះកាត់ ប្រើថ្នាំពេទ្យ ហើយករណីខ្លះ អាចព្យាបាលដោយខ្លួនឯង និងផ្លាស់ប្ដូររបៀបរស់នៅ។

រោគសញ្ញា
-ឫសដូងបាតខាងក្នុង ៖ អ្នកពិបាកនឹងមើលឃើញវា ឬប៉ះវាដោយដៃ ព្រោះថា វាស្ថិតនៅផ្នែកខាងក្នុងនៃរន្ធគូទ។ ប៉ុន្ដែ ពេលអ្នកបត់ជើងធំ អ្នកនឹងមានការឈឺចាប់ ឬពិបាកបត់ជើងធំ ហើយលាមកនឹងមានរាងសំបែតស្ដើង ឬចេញឈាមនៅពេលបត់ជើង។ល។
-ឫសដូងបាតខាងក្រៅ ៖ ប្រភេទឫសដូងនេះ បង្កការឈឺចាប់ និងចេញឈាមច្រើនជាង ធៀបនឹងឫសដូងបាតខាងក្នុង។ ពេលខ្លះ វាក៏បង្កជារមាស់ ត្រង់រន្ធគូទផងដែរ។
មូលហេតុ

មានផ្ទៃពោះ ប្រឹងខ្លាំង ឬធាត់ជ្រុល ក៏ជាមូលហេតុដែលនាំឱ្យកើតឫសដូងបាត
ជម្ងឺឫសដូងបាត អាចកើតឡើងដោយសារសម្ពាធឈាមឡើងខ្ពស់ ត្រង់ផ្នែកខាងចុងនៃពោះវៀនធំ។ កត្តាដែលនាំឱ្យមានសម្ពាធនេះ រួមមាន ៖
-ទល់លាមក
-រាកភ្លាមៗ
-ឈរ ឬអង្គុយក្នុងរយៈពេលយូរ
-ធាត់ហួស
-រែក ឬលីសែងធ្ងន់
-មានផ្ទៃពោះ និងឆ្លងទន្លេ
ការព្យាបាល

ប្រើថ្នាំ ៖
ប្រសិនជម្ងឺនេះ មានសភាពមិនធ្ងន់ធ្ងរ គ្រូពេទ្យអាចនឹងប្រើក្រែម ឬទ្រនាប់ដែលមានផ្ទុកថ្នាំការពាររលាក។ ការប្រើថ្នាំនេះ បូករួមនឹងការថែទាំង ដូចជាងូតទឹកក្ដៅរាល់ថ្ងៃ ក៏អាចកាត់បន្ថយអាការៈរោគ បានមួយកម្រិត។
វះកាត់ ឬការព្យាបាលតាមវិធីផ្សេងៗ ៖
ប្រសិននៅក្នុងដុំសាច់ឫសដូងបាត មានកកឈាម នោះគ្រូពេទ្យអាចនឹងកាត់វាចោល ដោយវះយកឈាមនោះចេញ វិធីនេះក៏ជួយកាត់បន្ថយការឈឺចាប់យ៉ាងឆាប់រហ័ស។
ចំពោះឫសដូងបាតដែលបង្កការឈឺចាប់ខ្លាំង និងអូសបន្លាយយូរ គ្រូពេទ្យអាចនឹងព្យាបាលតាមវិធីខាងក្រោម ៖
-ចងសាច់ឫសដូង ដើម្បីឱ្យវាជ្រុះ
-ចាក់ថ្នាំជុំវិញសាច់ឫសដូង ដើម្បីឱ្យវារួញតូច
-បាញ់កាំរស្មី infrared ពី ១ ទៅ ២វិនាទី ដើម្បីបញ្ឈប់ចរន្ធឈាម មិនឱ្យទៅដល់សាច់ដុះនៅខាងក្រៅរន្ធគូទ។ វិធីនេះ នឹងធ្វើឱ្យអ្នកក្ដៅបន្តិច និងចេញឈាមតិចៗ ២-៣ថ្ងៃ។
-បាញ់កាំរស្មី ឡាសែរ
-បង្កកសាច់ឫសដូង។ វិធីនេះ ក៏ជួយឱ្យឈាមលែងរត់ទៅកាន់សាច់ដុះ និងបំបាត់ដុំសាច់
-វីធីវះកាត់ ៖ ប្រសិនបណ្ដាវិធីខាងលើ មិនទទួលបានជោគជ័យ ឬសាច់ឫសដូងធំពេក គ្រូពេទ្យនឹងកាត់សាច់ដុះនេះចោល។ វិធីនេះ នឹងតម្រូវឱ្យអ្នកជម្ងឺ សម្រកព្យាបាលនៅមន្ទីរពេទ្យ ១ ឬ២ថ្ងៃ។
ថែទាំជម្ងឺដោយខ្លួនឯង ដើម្បីកាត់បន្ថយឈឺចាប់ ហើម និងរលាក

-លាបក្រែមព្យាបាលឫសដូងបាតមិនបាច់មានវវេជ្ជបញ្ជា ឬប្រើបង់បិទដែលមានផ្ទុកថ្នាំស្ពឹក
-រក្សារន្ធគូទឱ្យនៅស្អាតបាតជានិច្ច។ គួរតែងូតទឹកក្ដៅឧណ្ហឧណ្ហរាល់ថ្ងៃ ប៉ុន្ដែមិនត្រូវប្រើសាប៊ូដុសទៅលើសាច់ឫសដូងបាត ញឹកញាប់នោះទេ ព្រោះវាអាចធ្វើឱ្យជម្ងឺកាន់តែធ្ងន់
-ត្រាំទឹកក្ដៅឧណ្ហឧណ្ហ ត្រង់រន្ធគូទ ២-៣ដង ក្នុងមួយថ្ងៃ
-ស្អំទឹកកក ឬថ្មត្រជាក់ត្រង់រន្ធគូទ ៤ដង/ថ្ងៃ ហើយម្ដងៗ មានរយៈពេលប្រហែល ១០នាទី
-សម្រាប់សាច់ឫសដូងដែលដុះខាងក្នុង ប្រសិនវាធ្លាក់មកក្រៅ ចូររុញវាដោយថ្នមៗ ចូលទៅខាងក្នុងរន្ធគូទ
-ចូរប្រើកន្សែង ឬក្រដាស់សើម នៅពេលបត់ជើងធំវិធីការពារមិនឱ្យកើតឫសដូងបាត
-ហូបអាហារដែលមានជាតិសរសៃច្រើន និងបន្លែផ្លែឈើ។ ប្រការនេះនឹងធ្វើឱ្យលាមកមានសភាពទន់ ងាយស្រួលបន្ទោបង់
-ហូបទឹកឱ្យបានច្រើន
-កាត់បន្ថយការទល់លាមក ដោយការហូបចេកទុំរាល់ថ្ងៃ
-ហាត់ប្រាណ និងបញ្ចុះទម្ងន់
-ជៀសវាងការឈរ ឬអង្គុយយូរ
-កាត់បន្ថយភាពតានតឹង និងការប្រឹងកម្លាំងខ្លាំង ឬអត់ដង្ហើមយូរ ញឺកញាប់ ដែលបណ្ដាលឱ្យសម្ពាធឈាមឡើងត្រង់ផ្នែកខាងចុងនៃពោះវៀនធំ
-ត្រូវបត់ជើងភ្លាម នៅពេលមានអារម្មណ៍ថាឈឺពោះ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Teinphong/ Healthassist