ព័ត៌មានអន្តរជាតិ ៖ បើយោងតាមអត្ថបទផ្សាយ ដែលបានចេញដោយទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា មកទល់នឹងពេលអាជ្ញាធរ ប្រទេសអេស៉្បាញ ក៏កំពុងតែដុតដៃដុតជើង ក្នុងការតាមប្រមាញ់ក្រពើយក្សដែលបានរួចចូលក្នុងបឹង Majada Vieja de Mijas ដើម្បីជាការបង្ការកុំអោយកើតមានឡើងនូវសោកនាដកម្មដោយយថាហេតុណាមួយ។

គួរបញ្ជាក់ផងដែរថា ក្រពើដែលត្រូវបានរួចចូលក្នុងបឹងនោះ ត្រូវបានគេអះអាងថា ទំនងមកពីការលែងរបស់បុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់ ខណៈពេលដែលវាត្រូវបានគេមើលថែធ្វើជាសត្វចិញ្ចឹម។ ដោយឡែក បើយោងតាមសម្តីមន្រ្តីផ្លូវការប្រចាំតំបន់ បានអះអាងអោយដឹងថា ក្រពើយក្សមួយក្បាលនេះ មានអាយុ ១០ ឆ្នាំជាង ទម្ងន់ប្រមាណជាង៧០ គីឡូក្រាមនិងមានប្រវែងដល់ទៅ ២ ម៉ែត្រឯណោះ។
ក្រុមមន្រ្តីមានសមត្តកិច្ច ដាក់បំរាមនូវសញ្ញាគ្រោះថ្នាក់ ប្រយ័ត្នក្រពើកំណាច រួចចូលបឹង
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ការប្រកាសអាសន្នត្រូវបានធ្វើឡើងភ្លាមៗ ពីសំណាក់ចៅហ្វាយក្រុង Mijas លោក Angel Nozal ស្របពេលដែលលោកបានកោះហៅប្រជុំនូវមន្រ្តីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា ធានាអោយបានថាចាប់បានក្រពើមួយក្បាលនោះទាន់ពេល មុននឹងវាបង្កជាហានិភ័យ ដល់សុខសុវត្ថិភាពប្រជាជននាតំបន់នេះ។ គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯបឹង Majada Vieja de Mijas តំបន់ Costa del Sol ក្រុង Mijas ភាគខាងត្បូងប្រទេសអេស៉្បាញ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ