ក្រុមហ៊ុនអ៊ីនធឺរណែត Sprint របស់អាមេរិក បានដាក់លក់ស្មាតហ្វូន “មិនមានគែម” Aquos Crystal ក្នុងតម្លៃត្រឹមតែ ២៤០ដុល្លារ ដោយមិនមានកិច្ចសន្យាអ្វីទាំងអស់។

ក្រោយពីបានបង្ហាញខ្លួន នៅជប៉ុន ស្មាតហ្វូនដែលមានគែមអេក្រង់ “មហាស្ដើង” មួយគូ របស់ក្រុមហ៊ុន Sharp គឺ Aquos Crystal និង Crystal X បន្តវាយលុកទីផ្សារអាមេរិក តាមរយៈ ក្រុមហ៊ុនអ៊ីនធឺរណែត Sprint ។

យោងតាមសេចក្ដីប្រកាសរបស់ ក្រុមហ៊ុនអ៊ីនធឺរណែត Sprint ស្មាតហ្វូន Sharp Aquos Crystal នឹងត្រូវបានលក់ក្នុងតម្លៃ ២៤០ដុល្លារ ក្នុងមួយគ្រឿង ដោយមិនមានភ្ជាប់ជាមួយនូវកិច្ចសន្យាប្រើអ៊ីនធឺរណែត។ ក្រុមហ៊ុនអ៊ីនធឺរណែត Sprint ក៏អនុញ្ញាតឱ្យអតិថិជន ទិញស្មាតហ្វូននេះ តាមបែបបង់រំលស់ ១០ដុល្លារ ១ខែ ក្នុងរយៈពេល ២ឆ្នាំ។

Aquos Crystal គឺជាម៉ូដែលស្មាតហ្វូនប្រភេទមធ្យម ប៉ុន្ដែ រចនានៃគែមអេក្រង់ដ៏ស្ដើងរបស់វា បានបង្កឱ្យមានពេញចិត្ត ពីអ្នកប្រើប្រាស់ទូទៅ។ ម៉ូដែលនេះ មានអេក្រង់ 5 inch រីសូលូសឹន 720p, ប្រូសេសឺរ Qualcomm Snapdragon 400, 4-core កម្រិត 1,2GHz, RAM 1,5GB និងអង្គចងចាំក្នុង 8GB តែអាចបន្ថែមលើសពីនេះ តាមរយៈរន្ធដោតអង្គចងចាំ រួមនឹងថ្ម 2.040 mAh។ ស្មាតហ្វូននេះ ត្រូវបានបំពាក់បច្ចេកវិទ្យាជាច្រើន ដូចជា HD Voice, ហៅទូរស័ព្ទចេញតាម រយៈ Wi-F និងបច្ចេកវិទ្យាមកពី Harman Kardon ។ល។

ថ្វីបើ Aquos Crystal មានគែមអេក្រង់ដ៏ស្ដើង និងមានអេក្រង់បង្ហាញរូបភាព លាតសន្ធឹងដល់ទៅ ៧៨,២១ភាគរយ នៅផ្នែកខាងមុខ ប៉ុន្ដែ វាមិនទាន់បំបែកបាននូវឯតទគ្គកម្មរបស់ Aquos SH-04F ដែលមានអេក្រង់បង្ហាញរូបភាព គ្របដណ្ដប់ផ្នែកខាងមុខ ដល់ទៅ ៨១ភាគរយ នៅឡើយ។


ចំណែក តម្លៃលក់របស់ Aquos Crystal X ដែលជាកំណែលំដាប់ខ្ពស់ជាង Aquos Crystal មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ មកទល់នឹងបច្ចុប្បន្ននេះ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ tech/engadget