រាល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ ហ្វីលីពីន ក្នុងតំបន់សម្បុកកណ្ដុរ Sembulan នៅក្នុងប្រទេស ម៉ាឡេស៊ី ប្រព្រឹត្តទៅនៅខាងលើបឹងពណ៌ខ្មៅ ដ៏កខ្វក់មួយ។ សំរាម ក្លិនស្អុយ និងកណ្ដុរ គឺជាផ្នែកមួយដែលប្រជាជននៅទីនេះ ចាត់ទុកជារឿងធម្មតា។

/

ផ្លូវចូលទៅកាន់តំបន់សម្បុកកណ្ដុរ Sembulan ក្រុង Kota Kinabalu រដ្ឋ Sabah ប្រទេស ម៉ាឡេស៊ី។ ជនភៀសខ្លួនរាប់រយនាក់ ដែលភាគច្រើនគឺមកពីប្រទេស ហ្វីលីពីន កំពុងរស់នៅទីនេះ។ /ច្រកសំខាន់ចំនួនពីរ ដែលនាំចូលក្នុងភូមិនេះ រួមមាន ផ្លូវតូចមួយ និងស្បានឈើទ្រុឌទ្រោមមួយ។ ផ្លូវតែងតែមានភក់ល្បប់ នៅពេលមានភ្លៀងម្ដងៗ។ /ប្រជាជននៅក្នុងតំបន់នេះ ភាគច្រើនជាជនក្រីក្រ ហើយមានគ្រួសារខ្លះ គ្មានអង្ករច្រកឆ្នាំងក៏មាន។ គ្រួសារស្ទើរតែទាំងអស់ក្នុងតំបន់សម្បុកកណ្ដុរនេះ មានកូនចាប់ពី ៥ ទៅ ៧នាក់។ នេះគឺជាកត្ដាមួយ ធ្វើឱ្យពួកគេពិបាកនឹងងើបចេញពីភាពក្រីក្រ។ /ភូមិទាំងមូល ស្ថិតនៅលើទឹកបឹងដ៏កខ្វក់ មានក្លិនស្អុយគ្រប់កន្លែង ដោយសារតែបរិស្ថាន ពោរពេញទៅដោយសំរាម។ អ្នកខ្លះនិយាយបែបលេងសើចថា “សំរាមគរដល់ក្បាល”។ /នៅទីនេះ ពុំមានសេវាកម្មអនាម័យ ឬសេវាកម្មប្រមូលសំរាមនោះទេ ចំណែកប្រជាជន រស់នៅកន្លែងណា គឺចោលសំរាមនៅទីនោះ បណ្ដាលឱ្យសម្លៀកបំពាក់ហាលនៅខាងក្រៅ ក៏ត្រូវជាប់ក្លិនស្អុយ។ /បច្ចុប្បន្ន អាជ្ញាធរក្រុង Kota Kinabalu កំពុងមានគម្រោងរុះរើតំបន់សម្បុកកណ្ដុរនេះ ហើយនឹងផ្ដល់ជំនួយដល់ប្រជាជន ក្នុងការរើទៅតាំងទីលំនៅ ក្នុងតំបន់ថ្មី នាឆ្នាំ ២០២០។ /កុមារទាំងនេះ មានពុកម្ដាយជាជនជាតិ ហ្វីលីពីន ប៉ុន្ដែ ពួកគេកើត និងធំឡើងនៅទីនេះ។ ពុកម្ដាយ​ពួកគេនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ប៉ុន្ដែពួកគេបែរជាមិនចេះនិយាយ ហើយភាសាដែលប្រើប្រចាំថ្ងៃ គឺភាសា ម៉ាឡេ។ /ដូចទៅនឹងឈ្មោះរបស់វា “តំបន់សម្បុកកណ្ដុរ” គឺតែងតែមានវត្តមានសត្វកណ្ដុរ នៅគ្រប់ទីកន្លែង សូម្បីតែពេលមានឆ្មានៅក្បែរ កណ្ដុរក៏មិនដែលបង្ហាញការភ័យខ្លាច។ /ផ្ទះទាំងឡាយនៅតំបន់នេះ សុទ្ធតែត្រូវបានសង់ឡើងតាមរបៀបបណ្ដោះអាសន្ន។ ប៉ុន្ដែ ប្រការដែលចាត់ទុកថា ជាសំណាងល្អបំផុតរបស់ប្រជាជននៅទីនេះ នោះគឺពួកគេមានទឹកដែលអាចប្រើប្រាស់បាន។ /លោក Morny អាយុ ៣២ឆ្នាំ ជាជនជាតិ ហ្វីលីពីន បានរស់នៅទីនេះ រាប់សិបឆ្នាំមកហើយ ប៉ុន្ដែទីជម្រករបស់គាត់ មានទំហំត្រឹមតែ ៦ម៉ែត្រក្រឡា គឺមានកន្លែងគេងមួយ និងកន្លែងអង្គុយមួយ។ គាត់ និងប្រពន្ធ មានកូនដល់ទៅ ៧នាក់ ម្នាក់ទៀតបានស្លាប់ដោយសារតែជម្ងឺ។ ជីវភាពប្រចាំថ្ងៃរបស់គ្រួសារនេះ រំពឹងទៅលើតែប្រាក់ខែរបស់ប្រពន្ធដែលធ្វើជាកម្មការិនីផ្នែកអនាម័យ។ ចំណែក Morny រាល់ថ្ងៃនៅតែផ្ទះ មើលថែកូនៗ។ /កូនតូចទាំងពីររបស់ Morny មិនមានខោអាវស្លៀកពាក់នោះទេ ពួកគេតែងរត់លេងនៅលើគំនរសំរាមនៅជុំវិញផ្ទះ។ /នៅក្នុងផ្ទះមួយខ្នងផ្សេងទៀត ដែលមានទំហំប្រហែល ២០ម៉ែត្រក្រឡា ស្ដ្រីម្នាក់ឈ្មោះ Linda កំពុងអង្គុយមើលថែចៅ។ /ផ្ទះរបស់អ្នកស្រី Linda ដូចជាគ្រាន់បើជាងគ្រួសារមួយចំនួនក្នុងតំបន់ ដោយមានទូរទស្សន៍ ធុងបាស គ្រែ និងកង្ហារ។ល។ /ចំណែកនៅក្នុងផ្ទះរបស់អ្នកស្រី Flusia អាយុ ៥៣ឆ្នាំនេះវិញ បើទោះជាត្រូវរស់នៅជាមួយកូនប្រុស ៣នាក់ និងចៅតូចៗចំនួន ៩នាក់ ក្នុងផ្ទះដែលមានទំហំ ជាង ២០ម៉ែត្រការ៉េ ប៉ុន្ដែពួកគេនៅតែមានជីវភាពល្អជាងគ្រួសារដទៃក្នុងភូមិ។ /កុមារភាគច្រើននៅក្នុងភូមិនេះ មិនមានឱកាសដើម្បីបានទៅសាលារៀន ពួកគេបានត្រឹមតែលេងនៅក្នុងម្ដុំដែលខ្លួនរស់នៅ។ ក្នុងរូបនេះ គឺកុមារីឈ្មោះ Lonina អាយុ ៧ឆ្នាំ និង Seeti អាយុ ៦ឆ្នាំ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

Tokyo ជា​​ទី​ក្រុងរបស់​​​​មនុស្ស​ ​ចូល​ចិត្ត​រស់​ជាមួយ​ សិប្ប​និម្មិត

Top 10 ទីក្រុងដែលសមស្រប សម្រាប់យុវវ័យ ពិភពលោក

រឿងរ៉ាវស្នេហាដ៏មានសុភមង្គល របស់អ្នកជម្ងឺ down មួយគូ នៅហូឡង់

ប្រែសម្រួលដោយ ៖ តារាប្រភព ៖  SH