គេគ្រប់គ្នាតែងតែនិយាយថាផ្ទះរបស់គេជាវិមានផ្ទាល់ខ្លួនមួយ។ តែពេលនេះគឺមានពិតប្រាកដក្នុងប្រទេស អង់គ្លេស មានគេប្រកាសលក់ភូមិចំណាស់មួយក្នុងតម្លៃ ១.៧៥ លានផោន ក្នុងនោះមានភូមិមួយដែលមានទំហំ ២២ អា មានផ្ទះ ៧០ ខ្នងមានភូមិគ្រិះមួយ ហើយភូមិនេះជាភូមិដែលមានអាយុកាលតាំងពី ស.វ ទី ១៤ មកម្លេះ។ អ្នកដែលព្រមទិញយកភូមិមួយនេះនឹងត្រូវបានគេចាត់ទុកជាលោកម្ចាស់ប្រចាំភូមិ។ 
ក្នុងផ្ទះទាំង ៧០ ខ្នងនោះមានភូមិគ្រិះធំមួយដែលគេទុកសម្រាប់ម្ចាស់ភូមិរស់នៅហើយគេជឿថាក្នុងភូមិគ្រិះនោះមានខ្មោចលង។ មិនត្រឹមតែប៉ុណ្ណោះក៏មានពាក្យឮតៗគ្នាមកថា ក្នុងដីភូមិមួយនេះមានកំណប់កប់ទុកដោយសម្ងាត់ បន្សល់ទុកពីដូនតាមកទៀតផង។ ម្ចាស់ភូមិនេះសព្វថ្ងៃគឺប្ដីប្រពន្ធ Mikeនិង Lee Simpson ដែលកំពុងប្រកាសលក់ភូមិមួយនេះក្នុងតម្លៃ ១.៧៥ លានផោន។ លោក Simpsonបានរស់នៅទីនេះតាំងពីលោកមានអាយុ ៩ ឆ្នាំហើយភូមិមួយនេះគឺជាទ្រព្យរបស់ឪពុកម្ដាយរបស់លោកដោយបានទិញភូមិនេះមកពីដំបូងត្រឹមតែ ២ ពាន់ផោន តែប៉ុណ្ណោះក្នុងឆ្នាំ ១៩៥៥។ ប្រាសាទដែលមានខ្មោចលងនោះមានឈ្មោះថា Blenkinsopp ជាផ្ទះរបស់ម្ចាស់ភូមិតាំងពីដើម។
ដីភូមិប្រាសាទនេះមានឈ្មោះល្បីរុងរឿងតាំងពីការសាងសង់ដំបូងក្នុងឆ្នាំ ១៣៣៩ មកម្លេះដែលត្រូវបានសាងសង់ដោយគ្រួសារ Blenkinsopp។ មានពាក្យដំណាលតៗគ្នាមកថា ប្រាសាទនេះគឺមានវិញ្ញាណខ្មោចស្រីស្បែកសរម្នាក់នៅក្នុងប្រាសាទនេះ ដែលជាប្រពន្ធមេម៉ាយរបស់លោកម្ចាស់ភូមិចិត្តកំណាញ់ Bryan de Blenkinsopp ដែលនាងបានយកទ្រព្យសម្បត្តិទាំងអស់ដាក់ក្នុងហិបហើយបានកប់ក្នុងបរិវេណដីភូមិនេះ ហើយពុំមាននរណាបានរកឃើញវាឡើយ។ ប្រាសាទនេះត្រូវបានឆេះក្នុងឆ្នាំ ១៩៥៤ មុនពេលដែលឪពុករបស់លោក Mike Simpson បានទិញវា ក្រោយមកក៏ត្រូវបានក្រុមគ្រួសារ Simpson ជួសជុលនឹងបានក្លាយជាភូមិមួយដែលមានផ្ទះជាច្រើន។
ដោយ៖ វឌ្ឍនាប្រភពពី៖ dailymail