អន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មាននាទីមុននេះ បានអោយដឹងថា នាយករដ្ឋមន្រ្តីប្រទេស ស៊ីរី លោក Wael Nader al Halqi បានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកប៉ុនប៉ងធ្វើឃាត ភាគកណ្តាលទីក្រុង Damascus ។
លើសពីនេះ បើតាមប្រភពសារព័ត៌មានក្នុងស្រុក បានបញ្ជាក់បន្ថែម អោយដឹងផងដែរថាករណីបំផ្ទុះគ្រាប់បែកនេះ ត្រូវបានបំផ្ទុះឡើងនៅឯជិតសាលារៀនមួយកន្លែង ភាគកណ្តាលទីក្រុង Damascus ប្រទេសស៊ីរី ខណៈពេលដែលវាជាការបំផ្ទុះឡើង គោលបំណងធ្វើការវាយប្រហារទៅលើក្បួនរថយន្ត លោកនាយករដ្ឋមន្រ្តី លោក Wael Nader al Halqi ។

គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះគ្រាប់បែក ដែលវាគឺជាការវាយប្រហារពីរបស់ក្រុមភេរវករលើកនេះ បានសម្លាប់ក្រុមមន្រ្តីអង្គរក្ស របស់លោកនាយករដ្ឋមន្រ្តី ។ ទន្ទឺមនឹងនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្រុង Damascus ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះរងការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក ជាច្រើនលើកច្រើនសា ដែលបានបណ្តាលអោយមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
រដ្ឋាភិបាលប្រទេសស៊ីរី បានធ្វើការស្តីបន្ទោសដល់ក្រុមបះបោរជ្រុលនិយមម៉ូស្លីម ខណៈពេលដែលព្យាយាមទម្លាក់លោកប្រធានាធិបតី Bashar al Assad ដោយធ្វើការបំផ្ទុះគ្រាប់បែក៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ