ភ្នំពេញ៖ កន្លងមកតារាសម្តែង និងជាតារាម៉ូដែលរាងខ្ពស់ស្រឡះ កញ្ញា សុផា លីនដា ធ្លាប់បានបង្ហើបប្រាប់បណ្តាញសារព័ត៌មានថា រវាងនាងនិងតារាចម្រៀងរូបសង្ហា ប្រចាំផលិតកម្មហង្សមាស លោក នៅ ស៊ីនឿន មិនមានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ គឺគ្រាន់តែរាប់អានគ្នា តែប៉ុណ្ណោះ ។ ការសម្រេចចិត្តទម្លាយបកស្រាយបែបនេះ ខណៈដែលមានព័ត៌មានជាច្រើន បានលេចឮនិងចុះផ្សាយថា សុផា លីនដា មានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយ នៅ ស៊ីនឿន ។
បច្ចុប្បន្នមហាជនមើលឃើញថា តារាសម្តែងសម្បូរមន្តស្នេហ៍ កញ្ញា សុផា លីនដា ហាក់មានភាពលេចធ្លោរ និងទទួលបានប្រជាប្រិយភាពខ្លាំងគួរសម នៅក្នុងពិភពសិល្បៈ ព្រោះជាក់ស្តែងថ្មីៗនេះមហាជន និងស្រទាប់យុវវ័យតែងតែឃើញវត្តមានរបស់នាងជានិច្ច តាមរយៈការសម្តែងខារ៉ាអូខេបទចម្រៀង ម៉ូដែលនៅលើកញ្ចក់ទូរទស្សន៍ និងតាមរយៈស្ពតពាណិជ្ជកម្មជាដើម ។
ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពកំពុងតែមានសន្ទុះកើនឡើង ស្រាប់តែថ្មីៗនេះស្រីស្រស់ សុផា លីនដា ត្រូវបានប្រភពចេញពីចង្កោមអ្នកសិល្បៈ ដែលនៅកៀកកិតជាមួយនាងទម្លាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា កញ្ញា សុផា លីនដា និង នៅ ស៊ីនឿន កាន់តែរឹតចំណងស្នេហ៍ ជាមួយគ្នាយ៉ាងស្អិតល្មួត ព្រោះគេតែងតែឃើញអ្នកទាំងពី ទៅណាមកណាជាមួយគ្នាជានិច្ច មិនដែលឃ្លាតពីគ្នានោះទេ ។ មិនតែប៉ុណ្ណោះ លីនដា និង ស៊ីនឿន តែងតែទៅដើរលេង ទៅញ៉ាំអីជាមួយគ្នាតែពីរនាក់ស្ងាត់ៗជាញឹកញាប់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា កញ្ញា សុផា លីនដា មិនចង់ឲ្យមហាជនដឹង ពីទំនាក់ទំនងស្នេហារបស់នាងជាមួយ នៅ ស៊ីនឿន ដោយបើកចំហរនោះឡើយ ព្រោះខ្លាចបាត់បង់ប្រជាប្រិយភាព នៅក្នុងសិល្បៈ ។ ប៉ុន្តែអ្នកនៅក្នុងចង្កោមសិល្បៈមួយចំនួន ពិតជាបានដឹងច្បាស់ ពីទំនាក់ទំនងស្នេហា របស់នាងជាមួយបុរសសង្ហា នៅ ស៊ីនឿន ។
លើសពីនេះទៅទៀត ប្រភពបានទម្លាយថា សុផា លីនដា ត្រូវបានអ្នករៀបចំកម្មវិធី ល្បែងបេសកម្ម របស់ស្ថានីយទូរទស្សន៍បាយ័ន បានតម្រូវឲ្យនាងចាប់ដៃគូគ្នាជាមួយ នៅ ស៊ីនឿន ទៀតផង ។
ដើម្បីចង់ដឹងឲ្យកាន់តែច្បាស់ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នេះ គេទំព័រ LookingTODAY បានទាក់ទងសុំការស្រាយបំភ្លឺពី លីនដា ប៉ុន្តែទូរស័ព្ទដែលនាងធា្លប់ប្រើ ទាក់ទងអត់ចូល ។ រីឯ លោក នៅ ស៊ីនឿន ក៏មិនអាចទាក់ទងសុំការបកស្រាយបានដែរនៅថ្ងៃនេះ ។ ប៉ុន្តែយ៉ាងណានោះគេហទំព័រ LookingTODAY រង់ចាំទទួលស្វាគមន៍ជានិច្ច ចំពោះការចេញមុខបកស្រាយ ពីអ្នកទាំងពីរ ជុំវិញការលេចឮទាំងនេះ ដោយក្ដីរីករាយ ៕





ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល