ព័ត៌មានអន្តរជាតិ ៖ បើតាមការដកស្រង់អត្ថបទផ្សាយរបស់ទំព័រសារព័ត៌មានបរទេស china-daily នាវេលាមុននេះបន្តិចបានបញ្ជាក់អោយដឹងថា ក្មេងៗដែលជាសិស្សសាលា ១១ នាក់នៅតែបន្តដេកពេទ្យនៅឡើយ ខណៈពីរនាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារពីសំណាក់ឧក្រិដ្ឋជនដៃដល់ ប្រដាប់ដោយកាំបិទ នៅមុខសាលាមួយកន្លែងដែលមានឈ្មោះថា Jinhui Primary School មានទីតាំងនៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា ករណីវាយប្រហារដ៏រន្ធត់តាមទីសាធារណៈខាងលើនេះ បានកើតឡើងកាលពីថ្ងៃពុធ កន្លងទៅ នៅឯជាយក្រុងទីក្រុងសៀងហៃប្រទេសចិន ដោយជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Fengxian Central Hospital ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

ដោយឡែក បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា ជនរងគ្រោះទាំងអស់សុទ្ធសឹងតែជាសិស្សសាលា ពោលគឺ ពួកគេមានអាយុចន្លោះពី ៨ ទៅ ១០ ឆ្នាំ ។ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីភ្នាក់ងារមានសមត្តកិច្ច ដោយធ្វើការចាប់ឃាត់ខ្លួនជនដៃដល់។ ក្រោយពីមានការតាមដានស៊ើបអង្កេត អត្តសញ្ញាណគាត់ក៏ត្រូវបានដឹង ពោលគឺ គាត់មានឈ្មោះ Zang វ័យ ៣៧ឆ្នាំ ហើយបើនិយាយពីមូលហេតុ ដែលបានបណ្តាលអោយគាត់បែកគំនិតក្នុងការធ្វើរឿងឆ្គួតៗបែបនេះឡើង ទំនងមកពីគាត់មានបញ្ហាខាងសតិ ក្រោយពីគាត់បានឈ្លោះប្រកែកជាមួយនឹងភរិយា ក៏ដូចជាម្តាយក្មេករបស់ខ្លួន។ លោក Zang ត្រូវបានចាប់ឃាត់ខ្លួន ដោយរង់ចាំការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ chinadaily