ដើមសប្ដាហ៍នេះ Facebook បានអះអាងថា នឹងលុបចោលមុខងារ chat ចេញពីបណ្ដាកម្មវិធីដែលដំណើរការនៅលើឧបករណ៍ចល័ត នាប៉ុន្មានថ្ងៃខាងមុខ។ អ្នកលេង Facebook តាមរយៈស្មាតហ្វូន គួរត្រៀមខ្លួន ដើម្បីទាញយក Messenger មកជំនួស។

អ្នកនាំពាក្យរបស់ Facebook ឱ្យដឹងថា ៖ “ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត យើងនឹងចេញសេចក្ដីប្រកាសមួយ ដល់អ្នកប្រើប្រាស់ថា ប្រសិនពួកគេចង់ទទួល ឬផ្ញើសារតាម Facebook ពួកគេត្រូវតែទាញយកកម្មវិធី Messenger” ។
គម្រោងនេះ ត្រូវបានប្រកាសតាំងពីខែមេសា ហើយកំពុងត្រៀមអនុវត្ត នៅលើកម្មវិធីរបស់ Facebook សម្រាប់ iOS និង Android ។ អ្នកលេង Facebook ដែលប្រើប្រាស់កំណែ Web (លេងតាមកុំព្យូទ័រ) គឺនៅតែអាចប្រើប្រាស់កម្មវិធី chat នេះ ដូចធម្មតា។
គួររំលឹកថា កាលពីដើមឆ្នាំនេះ Facebook បានទិញយក WhatsApp (សេវាកម្ម ដូចទៅនឹងMessenger) ក្នុងតម្លៃដល់ទៅ ១៩.០០០.០០០.០០០ដុល្លារអាមេរិក។ ដូច្នេះ គោលបំណងរបស់ បណ្ដាសង្គមធំបំផុតក្នុងពិភពលោកមួយនេះ គឺប្រែក្លាយ Messenger ទៅជាសេវាកម្មផ្ញើ និងទួលសារចល័ត លំដាប់កំពូល និងដើម្បីជៀសវាង ការផ្ដល់សេវាកម្ម ២ ដូចគ្នា។ សកម្មភាពនេះ នឹងជួយបង្កើនចំនួនអ្នកប្រើប្រាស់ Messenger បន្ថែមទៀត (បច្ចុប្បន្ន អ្នកប្រើប្រាស់ភាគច្រើន នៅតែជ្រើសរើសឧបករណ៍ chat ដែលមានស្រាប់នៅលើ Facebook)។

ក្នុងកិច្ចប្រជុំរាយការណ៍អំពីហិរញ្ញវត្ថុ កាលពីសប្ដាហ៍មុន CEO របស់ Facebook លោក Mark Zuckerberg ក៏បានសង្កត់ធ្ងន់ថា ពួកគេកំពុងតែចាត់ទុក Messenger ថា ជាផ្នែកពាណិជ្ជកម្មសំខាន់។ កម្មវិធី Messenger មានអ្នកប្រើប្រាស់ជាង ២០០លាននាក់ ជារៀងរាល់ខែ គឺស្មើនឹង ១/៥ នៃសមាជិកសរុបរបស់ Facebook ។ ក្រៅពីផ្ញើ និងទទួលសារ កម្មវិធី Messenger ក៏បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការហៅទូរស័ព្ទ តាមរយៈការតភ្ជាប់អ៊ីនធឺរណែត ជជែកជាក្រុម ឬចែករំលែករូបថត វីដេអូ ។ល។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ pcworld