ប៉ាគីស្ថាន ៖ កាលពីព្រឹកម្សិលមិញនេះ នៅឯសណ្ឋាគារមួយភាគខាងជើងប្រទេសប៉ាគីស្ថានមានសោកនាដកម្មមួយបានកើតឡើងនោះគឺ ខ្មាន់កាំភ្លើង បានបើកការវាយប្រហារ និងបានសម្លាប់ជនបរទេសដល់ទៅ ៩ រូប នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយមុននេះ។

យ៉ាងណាមិញ បើយោងតាមសម្តី មន្រ្តីផ្លូវការមកពីក្រសួង មហាផ្ទៃនៃប្រទេសនេះ លោកChaudhry Nisar Ali Khan អោយដឹងថា ក្នុងចំណោមជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតទាំង ៩ នាក់នោះ រួមមាន ជនជាតិ អ៊ុយក្រែន ៦ រូប និង ជនជាតិចិន ៣ រូបផ្សេងទៀតខណៈពេលដែលជនជាតិចិនម្នាក់ បានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីព្យាយាមរត់គេចខ្លួនបានសម្រេច។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល ក៏បានដកស្រង់សម្តីមន្រ្តីរូបនេះបន្ថែមផងដែរថា ខ្មាន់កាំភ្លើងបានចាប់ខ្លួនបុរសពីរនាក់ ក្នុងមូលដ្ឋានធ្វើជាចំណាប់ខ្មាំង និង តម្រូវអោយពួកគេនាំទៅកន្លែងណាមួយ ដែលមានជនបរទេស រួចធ្វើការវាយប្រហារ ។ ដោយឡែក ក្នុងចំណោមបុរសដែលជាចំណាប់ខ្មាំង ពីររូបនោះ មួយនាក់ ត្រូវបានសម្លាប់ ខណៈមួយរូបផ្សេងទៀត បានរួចផុតពីសេចក្តីស្លា បន្ទាប់ពីបានព្យាយាមរត់គេចខ្លួន រហូតមកទល់នឹងពេលនេះ គេត្រូវបានចាប់ឃាត់ខ្លួន ដោយក្រុមមន្រ្តីប៉ូលីស ដើម្បីធ្វើការសាកសួរចម្លើយ។

គួររំឭកផងដែរថា ដោយហេតុតែទីនោះ វាមិនមែនជាសណ្ឋាគារធំណាស់ណានោះទេ ទើបសន្តិសុខ មិនធានាបាននូវសុខសុវត្ថិភាពខ្ពស់។ ស្របពេលដែលមន្រ្តីប៉ូលីស ក៏កំពុងធ្វើការតាមដានស៊ើបអង្កេត មិនទាន់ប្រភពណាមួយ បញ្ជាក់អោយដឹងនៅឡើយនោះទេ ថាតើ អ្នកណានៅពីក្រោយរឿងនេះអោយពិតប្រាកដ៕
ដោយ ៖ រិទ្ធីប្រភព ៖ cnn