ព័ត៌មានអន្តរជាតិ ៖ ផូស៊ីលថនិកសត្វ ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្សលោកនាពេលសព្វថ្ងៃនេះ ត្រូវបានរកឃើញ នេះបើតាមការអះអាងអោយដឹងពីអ្នកវិទ្យាសាស្រ្ត។
គួរបញ្ជាក់ផងដែរថា ផូស៊ីលថនិកសត្វមួយនេះ គឺមានអាយុកាលដល់ទៅ ៥៥ លានឆ្នាំមុន ហើយផូស៊ីលសត្វប្រភេទនេះ គឺជាការវិវត្តន៍របស់មនុស្សលោក ពីពូជស្វាកន្ទុយវែង ទៅជា ពូជស្វាគ្មានកន្ទុយ និង ទៅជាមនុស្សលោកតែម្តង ( monkeys, apes, and humans) ។

លើសពីនេះ ប្រភពព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ផូស៊ីលថនិកសត្វ ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្សត្រូវបានរកឃើញនៅឯបឹងបុរាណមួយកន្លែង ស្ថិតនៅក្នុងខេត្ត Hubei ប្រទេសចិន ខណៈផូស៊ីលមួយនេះ ត្រូវបានដាក់ឈ្មោះថា Archicebus achilles ។

Archicebus achilles មានទម្ងន់មិនលើសពី ៣០ ក្រាមនោះទេ ហើយវាគឺជាថនិកសត្វដែលចូលចិត្តឡើងដើមឈើ និងស៊ីសត្វល្អិតជាអាហារ ។ គួររំឭកផងដែរ ទន្ទឹមនឹងការមានអាយុកាលដល់ទៅ ៥៥ លានឆ្នាំមុន Archicebus achilles បានក្លាយជាបេក្ខភាពថ្មី ក្នុងការក្លាយជា ផូស៊ីលថនិកសត្វ ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្សមានវ័យចំណាស់ ជាងគេលើលោក ដោយបានផ្តួលបេក្ខភាពចាស់ ដែលមានអាយុកាលត្រឹមតែ ៤៨ លានឆ្នាំមុនតែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ mirror