មាត់មិនត្រឹមតែជាអវយវៈដែលមានតួនាទីច្រើន និងសំខាន់ប៉ុណ្ណោះទេ តែវាក៏អាចប្រាប់អ្នក អំពីសុខភាពនៃរាងកាយរបស់អ្នកផងដែរ។ ខាងក្រោមនេះ គឺជាប្រការមួយចំនួនដែលមាត់របស់អ្នក អាចប្រាប់អំពីបញ្ហាសុខភាព ៖

/

១. ចេញឈាមត្រង់អញ្ចាញ = អតុល្យភាពអ័រមូន

ប្រព័ន្ធទទួលអ័រមូន បង្កប់នៅក្នុងជាលិកាអញ្ចាញធ្មេញរបស់អ្នក។ ក្នុងអំឡុងពេលស្ដ្រីមានផ្ទៃពោះ ពួកគេអាចនឹងមានបញ្ហាចេញឈាមត្រង់អញ្ចាញធ្មេញ ប្រការនេះមិនមែនដោយសារបញ្ហាធ្មេញនោះទេ ប៉ុន្ដែ គឺដោយសារអ័រមូនមិនមានតុល្យភាព ពោលគឺវាច្របូកច្របល់។ បញ្ហាខាងលើនេះ ក៏អាចកើតមានចំពោះស្ដ្រីលែងមានរដូវ។ ក្រៅពីនេះ អាការៈចេញឈាមត្រង់អញ្ចាញ ក៏កើតឡើងនៅពេលស្ដ្រីកំពុងមករដូវផងដែរ។

២. មាត់ឡើងក្រហម និងអណ្ដាតឡើងហើម = កង្វះជាតិបំប៉ន

ប្រសិនមាត់របស់អ្នកឡើងក្រហម វាអាចជាសញ្ញានៃការខ្វះវីតាមីន B6 ។ ក្រៅពីនេះ អណ្ដាតដែលមានសភាពក្រហម ហើម កើតជ្រាំង អណ្ដាតឡើងរឹង ក៏ជាសញ្ញានៃការខ្វះជាតិដែក។ អណ្ដាតដែលមានសភាពស្លេកខ្លាំង ក៏ប្រាប់ថា អ្នកកំពុងខ្វះគ្រាប់ឈាមក្រហម។

៣. ធ្មេញប្រេះ ឬបែក = ច្រាលអាស៊ីតក្រពះឡើងមកលើ

/

មនុស្សភាគច្រើនយល់ថា ធ្មេញរបស់ពួកគេមានការប្រេះ បែក ជាដើម គឺដោយសារតែការទំពារអាហាររាល់ថ្ងៃ។ ក៏ប៉ុន្ដែ នៅពេលពេទ្យធ្មេញ  ពិនិត្យទៅលើធ្មេញទាំងនោះ គឺឃើញថា មានស្នាមប្រេះ បែកជាច្រើន ទាំងនេះគឺបណ្ដាលមកពីអាស៊ីតក្រពះ។

GERD (Gastroesphogeal Reflux Disease) គឺជាបញ្ហាអាស៊ីតក្នុងក្រពះ ច្រាលឡើងមកកាន់មាត់ នៅពេលកំពុងគេង ធ្វើឱ្យរចនាសម្ព័ន្ធរបស់ធ្មេញ ត្រូវត្រាំនៅក្នុងអាស៊ីត ហើយនាំឱ្យធ្មេញត្រូវប្រេះ នេះបើតាមវេជ្ជបណ្ឌិត ជីនេតេ ខឺន (Jeanette Kern) មកពីអាមេរិក។ 

៤. ខ្យល់ដង្ហើមមិនល្អ = បញ្ហាក្រពះ

ប្រសិនអ្នកជាមនុស្សមានអនាម័យខ្ពស់ទៅលើមាត់ធ្មេញ ដូចជា ដុសធ្មេញ ៣ដងក្នុងមួយថ្ងៃ ប្រើសូត្រទន្តពេទ្យ និងទៅពិនិត្យធ្មេញញឹកញាប់ ប៉ុន្ដែ នៅតែមានបញ្ហាក្លិនមាត់ នោះ វាអាចបណ្ដាលមកពីបញ្ហាក្រពះ។ ការរីកចម្រើនរបស់មេរោគនៅក្នុងក្រពះ អាចធ្វើឱ្យខ្យល់ដង្ហើមរបស់អ្នក មិនល្អ។ វាក៏អាចជាសញ្ញាមួយបង្ហាញថា អ្នកមានបញ្ហាថ្លើម និងក្រលៀន។ ជាងនេះ អ្នកជម្ងឺទឹកនោមផ្អែមដែលមានក្លិនមាត់មិនល្អ ក៏គួរតែប្រញាប់ទៅកាន់មន្ទីរពេទ្យ ព្រោះថា ជម្ងឺទឹកនោមផ្អែមនេះ មានសភាពធ្ងន់ធ្ងរ។

៥. រេចរឹលធ្មេញ និងឈឺក្បាល = បញ្ហាតប់ប្រមល់ ឬហៅថាស្ដ្រេស

ធ្មេញដែលឆាប់រេចរឹល វាជាសញ្ញានៃបញ្ហាសង្កៀតធ្មេញ។ ប្រសិនអ្នកគេងស្កប់ អ្នកពិបាកនឹងដឹងថា ខ្លួនមានទម្លាប់សង្កៀតធ្មេញ រហូតដល់ទន្តពេទ្យធ្វើការពិនិត្យ។ ចំណែកបញ្ហាឈឺក្បាលពេលព្រឹក និងឈឺថ្គាម គឺជាសញ្ញានៃបញ្ហាដទៃ។ បណ្ឌិត ព្រីយ៉ន វិចនីកគី (Bryon Viechnicki) ថ្លែងថា “បញ្ហាធ្មេញត្រូវរេចរឹលគឺជាសញ្ញាដំបូង ហើយការសង្កៀតធ្មេញ គឺប៉ះពាល់ដល់ប្រព័ន្ធទំពារ (ចាប់ពីឆ្អឹងជុំវិញធ្មេញ ដល់សាច់ដុំរបស់មាត់) របស់អ្នក”។ បញ្ហាធ្មេញ អាចនឹងធ្វើឱ្យមានភាពតប់ប្រមល់កើតឡើង ហើយការសង្កៀតធ្មេញ ក៏អាចបណ្ដាលឱ្យឈឺសាច់ដុំថ្គាម និងឈឺក្បាល។ ការឈឺមួយចំហៀងក្បាល វាទាក់ទិននឹងបញ្ហាសង្កៀតធ្មេញ នៅលើស្ដ្រី។  បញ្ហាសង្កៀតធ្មេញដែលធ្ងន់ធ្ងរបំផុត គឺធ្វើឱ្យអ្នកជម្ងឺមិនអាចហាមាត់បាន។ ដើម្បីការពារធ្មេញ សាច់ដុំថ្គាម អ្នកគួរតែទៅជួបទន្តពេទ្យ។ ក្រៅពីនេះ ការកាត់បន្ថយភាពតប់ប្រមល់ ព្រួយចិត្ត ក៏ជួយដោះស្រាយបញ្ហាទាក់ទិនបានមួយកម្រិត។

៦. រលាកមាត់ = កង្វះជាតិ Gluten

/

រលាកមាត់ អាចជាសញ្ញាមួយរបស់បញ្ហាកង្វះជាតិ គ្លូតេន ឬខ្វះសារជាតិស័ង្កសី។ អ្នកជំនាញការ សានដា ម៉ូលដូវ៉ាន ថ្លែងថា នៅពេលឃើញអ្នកជម្ងឺមានបញ្ហារលាកមាត់ ខ្ញុំនឹងឱ្យពួកគេលេបថ្នាំដែលមានផ្ទុកស័ង្កសី ហើយប្រសិននៅតែមិនបាត់ ខ្ញុំនឹងធ្វើការពិនិត្យទៅលើការស្រូបយកសារជាតិ គ្លូតេន របស់ក្រពះ ដោយសារថា ជម្ងឺរលាកក្រពះអាចនឹងបណ្ដាលឱ្យរលាកមាត់។ ការពិសោធថ្មីៗនេះ បានបង្ហាញថា បញ្ហារលាកមាត់ កើតឡើងដោយសារកង្វះសារជាតិ គ្លូតេន។

៧. ជម្ងឺអញ្ចាញ និងរលាកអញ្ចាញ = បញ្ហាបេះដូង

យើងដឹងហើយថា បាក់តេរីមួយប្រភេទនៅក្នុងមាត់ អាចនឹងឆ្លងចូលទៅក្នុងសរសៃឈាម និងបង្កើតឱ្យមានស្រទាប់កំណកកំបោរ ហើយកំណកកំបោរនេះ មានផ្ទុកបាក់តេរីដែលរស់នៅក្នុងមាត់។ បណ្ឌិត ជីនេតេ ខឺន ឱ្យដឹងថា “ដូច្នេះហើយ បណ្ដាបាក់តេរីនេះ បង្កើតកូនចៅ និងរស់នៅគ្រប់កន្លែងក្នុងរាងកាយ”។ បាក់តេរីនេះ ក៏អាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ហើយមកកាន់ធ្មេញរបស់អ្នក តាមរយៈចរន្ធឈាម ដោយវាត្រូវឆ្លងកាត់បេះដូង ប្រការនេះហើយ បង្ហាញថា នៅពេលអ្នកកើតជម្ងឺជើងធ្មេញ ឬអញ្ចាញធ្មេញ វាក៏អាចជាសញ្ញាមួយនៃជម្ងឺបេះដូង៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ MMN