វីដេអូផ្សាយពាណិជ្ជកម្មមួយនៅលើទូរទស្សន៍របស់ហូឡង់(Netherlands) ដែលបង្ហាញរូបភាពសិចស៊ីរបស់ស្ដ្រីអ៊ុយក្រែន កំពុងតែធ្វើអោយក្រុមមន្ដ្រីក្រុង Kiev ខឹងខ្លាំង។

/

ទំព័រ RT បានរាយការណ៍ថា ក្លីបវីដេអូមួយដែលមានឈ្មោះថា ចូរអូសគាត់អោយនៅផ្ទះ ត្រូវបានបង្កើតឡើងដោយយល់ថា ស្ដ្រីអ៊ុយក្រែនមានភាពទាក់ទាញយ៉ាងខ្លាំង ដូច្នេះស្ដ្រីជាជាតិហូឡង់ជាប្រពន្ធត្រូវតែរក្សាស្វាមីរបស់ខ្លួនអោយនៅក្នុងផ្ទះ ជាការជំនួសអោយពួកគេទៅកាន់ក្រុង Kiev ដើម្បីទស្សនាបាល់ទាត់ Euro 2012 នៅខែមិថុនាខាងមុខ ដែលអាចធ្លាក់ទៅលើដៃរបស់នារីៗនៅប្រទេសនោះ។

វីដេអូផ្សាយពាណិជ្ជកម្មនេះបានបង្ហាញថា នៅពេលប្រើប្រាស់ពាក្យគន្លឹះ ukraine women នៅលើ Google នោះគេនឹងឃើញមានរូបថតស្ដ្រីជាច្រើនដែលស្លៀកពាក់ ខ្វះក្រណាត់។

បន្ទាប់ពីបានដឹងអំពីក្លីបនេះ ក្រុមមន្ដ្រីការទូត អ៊ុយក្រែន មានការខឹងសម្បារយ៉ាងខ្លាំង និងបានចោទហូឡង់ ថាបានរំលោភលើភាពជាមនុស្ស និងប្រកាន់ពូជសាសន៍។/

Aleksandr Dikusarov អ្នកនាំពាក្យក្រសួងការបរទេស អ៊ុយក្រែន បានប្រកាសថា ៖ យើងសូមប្រឆាំងទៅនឹងការយល់ឃើញក្នុងការផ្សាយពាណិជ្ជកម្មនេះ។ យើងខ្ញុំស្នើអោយភាគីហូឡង់លុបចោលនូវការផ្សាយពាណិជ្ជកម្មនេះជាបន្ទាន់។

ឯកអគ្គរដ្ឋទូតរបស់អ៊ុយក្រែនប្រចាំប្រទេសហូឡង់ លោក Oleksandr Horin ក៏បញ្ចេញប្រតិកម្មទៅនឹងការផ្សាយពាណិជ្ជកម្មនេះ លោកក៏បានទាក់ទងទៅកាន់សម្ព័ន្ធកីឡាជាតិហូឡង់។ ប៉ុន្ដែសម្ព័ន្ធកីឡានេះបានបដិសេធចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយក្លីបផ្សាយពាណិជ្ជកម្មនោះ។

រហូតមកទល់នឹងពេលនេះ ក្រសួងការបរទេសហូឡង់មិនទាន់ធ្វើអត្ថធិប្បាយណាមួយអំពីបញ្ហានេះនៅឡើយ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ YT/Zing