រឿងដែលសមាជិក Facebook បានទន្ទឹងរង់ចាំ អស់រយះពេលជាយូរមកហើយនោះ ទីបំផុតក៏ត្រូវបាន Facebook ធ្វើការបំពេញបន្ថែម សំរាប់បណ្តាញទំនាក់ទំនងសង្គម ដ៏ពេញនិយមបំផុតនេះហើយ។
មុននេះ រាល់ពេលដែលយើងច្រឡំដៃសរសេរខ្លឹមសារខុស ឬខុសអក្ខរាវិរុទ្ធ នៅលើ Status ហើយបានបង្ហោះទៅនោះ គឺយើងមិនអាចធ្វើការ កែប្រែ (Edit) វិញបានទេ។ បើចង់កែសម្រួលវិញ យើងចាំបាច់ត្រូវតែលុបចោល (Delete) ហើយទ្រាំសរសេរឡើងវិញម្តងទៀត ឬ Copy&Paste មកកែសម្រួលវិញ ឬក៏សរសេរ Comment បញ្ជាក់ការកែសម្រួល ដែលកត្តានេះ បានធ្វើឲ្យអ្នកលេងFacebook ជាច្រើននាក់ មានការធុញទ្រាន់។
ចាប់ពីថ្ងៃម្សិលមិញ (26/9) បណ្តាញទំនាក់ទំនងសង្គមយក្សនេះ បានធ្វើការបំពេញបន្ថែមនូវ Featureថ្មី ដល់ Version Web (ប្រើប្រាស់នៅលើកុំព្យូទ័រ Laptop) និង Version ដែលប្រើនៅលើបណ្តាឧប-ករណ៍ Android។ តាមរយះការចុចលើ icon មានរាងសញ្ញាព្រួញចុះក្រោម ដែលស្ថិតនៅជ្រុងខាងស្តាំនៃប្រអប់សរសេរ នោះអ្នកប្រើប្រាស់នឹងឃើញមានប៊ូតុង Edit ដែលអនុញ្ញាតឲ្យអ្នកអាចធ្វើការកែសម្រួលរាល់ការសរសេរនៅលើ Status ឡើងវិញបានហើយ។
ទន្ទឹមនឹងនោះ អ្នកដទៃដែលមិនមែនជាម្ចាស់របស់ Account ក៏អាចមើលឃើញ រាល់ការកែសម្រួលអត្ថបទ នៅលើ Status របស់សមាជិក ណាម្នាក់ក៏បានដោយការចុចលើពាក្យ Edit History ។
កាលពីពេលមុន Facebook ក៏បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រប់គ្នា អាចធ្វើការកែសម្រួលឡើងវិញរាល់ការបញ្ចេញ Comment ផងដែរ៕
ដោយ៖ សិលាប្រភព៖ vexpress