កាលពីថ្ងៃទី២៤ កក្កដា ក្រុមហ៊ុន NOKIA បានប្រកាសថា ខ្លួនបានទិញយកបច្ចេកវិជ្ជា និងកម្មសិទ្ធិបញ្ញារូបភាពពី ក្រុមហ៊ុន SCALADO ដោយជោគជ័យហើយ។ បន្ទាប់ពីការទិញនេះទៅ ជំនាញការរូបភាពលំដាប់ថ្នាក់ពិភពលោកចំនួន ៣០ រូបនឹងត្រូវ ផ្ទេរមកបម្រើការនៅក្រុមហ៊ុន NOKIA។

លោកស្រី ចូ ហាឡូ (JO HARLOW) នាយកប្រតិបត្តិរងនៃក្រុមហ៊ុន NOKIA ទទួលបន្ទុកផ្នែកស្មាតហ្វូនបានមានប្រសាសន៍ថា ៖ យើងជឿ ជាក់ថា ការទិញយកបច្ចេកវិជ្ជានិងកម្មសិទ្ធិបញ្ញារូបភាពខាងលើនេះ នឹងរួមចំណែកពង្រឹងគោលជំហរ NOKIA ដែលកំពុងឈរនៅជួរមុខ ក្នុងផ្នែកថតរូបតាមទូរស័ព្ទចល័ត ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងផ្តល់ឱកាសឲ្យយើងបង្កើតកម្មវិធីនិងផលិតផលសម្រាប់ថតរូបភាពបាន កាន់តែប្រសើរឡើងទៀតផង។
លោក ចូ ហាឡូ បន្ដថា ៖ យើងសូមស្វាគមន៍បុគ្គលិកជំនាញៗពីក្រុមហ៊ុន SCALADO ហើយយើងមានទឹកចិត្តរំភើបរីករាយនឹងឃើញ ជំនាញការផ្នែករូបភាពនៃក្រុមហ៊ុន SCALADO ធ្វើការរួមគ្នាជាមួយជំនាញការផ្នែករូបភាពនៃក្រុមហ៊ុន NOKIA ដើម្បីលើកកម្ពស់បទពិសោធន៍ ថតរូបពីស្មាតហ្វូន NOKIA LUMIA។ តាមរយៈការច្របាច់ជំនាញថតរូបភាពនៃក្រុមហ៊ុនទាំងពីរបញ្ចូលគ្នា យើងមានបំណងធ្វើឲ្យពិភពលោក ទាំងមូលកាន់តែរំជើបរំជួល និងភ្ញាក់ផ្អើលថែមទៀតលើបច្ចេកវិជ្ជាថតរូបតាមរយៈស្មាតហ្វូន។

ទីក្រុង LUND នៃប្រទេសស៊ុយអ៊ែត នឹងក្លាយទៅជាទីតាំងអភិវឌ្ឍកម្មវិធីរូបភាពរបស់ NOKIA ថ្មីមួយទៀតបន្ថែមពីលើទីតាំងបច្ចុប្បន្ននៅ ទីក្រុងអ៊ែស្ពូ និង TAMPERE នៃប្រទេសហ្វាំងឡង់។
លោក សាម៊ី នៀមី (SAMI NIEMI) សហស្ថាបនិកនៃក្រុមហ៊ុន SCALADO បានមានប្រសាសន៍បញ្ជាក់ថា ៖ យើងពិតជារំភើបរីករាយដែល បានធ្វើការជាមួយ NOKIA ក្នុងការផលិតស្មាតហ្វូន NOKIA។ បច្ចេកវិជ្ជានិងសមត្ថភាពដែលយើងបានអភិវឌ្ឍឡើង មិនត្រឹមតែថតរូបប៉ុណ្ណោះ ទេ គឺថែមទាំងជួយចងក្រងអនុស្សាវរីយ៍និងអារម្មណ៍នៃអ្នកប្រើប្រាស់ស្មាតហ្វូន NOKIA ទៀតផង៕
ដោយ ៖ សូរីយ៉ាប្រភព ៖ press.nokia