ព័ត៌មានអន្តរជាតិ ៖ ខ្មាន់កាំភ្លើង ពួកតាលីបង់ បានបើកការវាយប្រហារទៅលើព្រះបរមរាជ វាំងប្រធានាធិបតី និងអគារដទៃទៀត នៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នេះ បើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែ បានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

ការវាយប្រហារលើកនេះ ត្រូវបានធ្វើឡើងភាគកណ្តាលស្រុក Shash Darak នាវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ( ម៉ោងក្នុងស្រុក ប្រទេស អាហ្វហ្គានីស្ថាន ) ក្នុងនោះ ទីស្នាក់ការកណ្តាល CIA ប្រចាំនៅប្រទេសនេះ ក៏ជាគោលដៅក្នុងការវាយប្រហារផងដែរ។
លើសពីនេះ បើយោងតាមសម្តីមន្រី្តផ្លូវការអោយដឹងថា ក្នុងយុទ្ធនាការបាញ់ប្រឆាំងតទល់ ជាមួយនឹងក្រុមឧទ្ទាមតាលីបង់ ក្រុមសន្តិសុខអាហ្វហ្គានីស្ថាន ២ រូប ត្រូវបានស្លាប់បាត់ បង់ជីវិត ស្របពេលដែលសមាជិក ដែលមកពីក្រុមពួកឧទ្ទាម ៥ នាក់ ក៏បានស្លាប់ដូច គ្នាផងដែរ។

ការវាយប្រហារបានចាប់ផ្តើម ចេញពីច្រកទ្វារខាងកើត ខណៈពេលដែលក្រុមអ្នកកាសែត បានមកប្រមូលផ្តុំគ្នា ចេញមកយកព័ត៌មានស្តីពីការធ្វើសន្និសិទថ្មី របស់លោកប្រធានាធិបតី Hamid Karzai។
ដោយឡែក មកទល់នឹងពេលនេះ មិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់នៅឡើយទេ ថាតើ លោកប្រធានាធិបតី Hamid Karzai ស្ថិតនៅខាងក្នុងនៃសំណង់អាគាររាជវាំងនោះឬក៏អត់? ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ