ព័ត៌មានអន្តរជាតិ ៖ ខ្លាទម្ងន់ធ្ងន់ ១៧៧ គីឡូក្រាម ត្រូវបានក្រុមវេជ្ជបណ្ឌិត ចាប់ធ្វើការវះកាត់ក្រពះ ដើម្បីយកចេញនូវដុំសក់ ដែលមានទម្ងន់ដល់ទៅជិត ២ គក នៅក្នុងនោះ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន បរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ខ្លាទម្ងន់ធ្ងន់ ដែលមានអាយុដល់ទៅ១៧ ឆ្នាំរូបនេះ ក្នុងរយៈពេលជិត ២ អាទិត្យចុងក្រោយនេះវាមិនស៊ីចំណីអ្វីទាល់តែសោះដែលជាហេតុធ្វើអោយក្រុមជំនាញពេទ្យសត្វ បានផ្តួចផ្តើមក្នុងការបាញ់កាំរស្មី X-ray ក៏ដូចជា ultrasound មុននឹងអន្តោទស្សន៍ ដោយមានបំពាក់នូវកាម៉េរ៉ា រួចក៏បានរកឃើញដុំសក់មួយនេះ នៅក្នុងក្រពះរបស់វាតែម្តង។

គួរបញ្ជាក់ផងដែរថា ខ្លាដ៏ធំមួយក្បាលនេះ មានឈ្មោះថា Ty ហើយវាត្រូវបានមើលការថែទាំដោយ Wildlife Rescue and Rehabilitation នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បន្ថែមថា អង្គការសង្គ្រោះសត្វព្រៃមិនរកប្រាក់ចំណូលមួយនេះ ជាទូទៅ ធ្វើការជូយសង្គ្រោះសត្វ ដែលត្រូវបានរឹបអូស ដោយមានការអនុវត្តន៍នូវច្បាប់ប្រចាំរដ្ឋមួយនេះ៕


ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ