ដូចជាព័ត៌មានដែលចេញផ្សាយរួចមកហើយ កីឡាករ Robin Van Persie ត្រូវបានគ្រូបង្វឹកលោក Sir Alex អនុញ្ញាតឲ្យជ្រើសរើសលេខអាវថ្មី នៅពេលរដូវកាលឆ្នាំនេះបានបញ្ចប់។ តាមមនុស្សជាច្រើនប៉ាន់ស្មាន ក្នុងនាមខ្លួនជាកីឡាករខ្សែប្រយុទ្ធឆ្នើមមួយរូប Van Persie ប្រាកដជានឹងជ្រើសរើសអាវប្រកួតលេខ 9 ជំនួសឲ្យលេខ 20 ដែលកំពុងពាក់សព្វថ្ងៃ។ ជាក់ស្តែង កីឡាករជនជាតិហូឡង់ម្នាក់នេះ បានគិតផ្សេងទៅវិញ។

ផ្តល់បទសំភាសន៍មុនការប្រកួតជាមួយ Chelsea, ខ្សែប្រយុទ្ធដែលកំពុងតែនាំមុខគេក្នុងតារាងស្តេចបំប៉ោងសំណាញ់ (ពានរង្វាន់ស្បែកជើងមាស) Premier League ឆ្នាំនេះ បានឲ្យដឹងថា: “ខ្ញុំនឹងមិនផ្លាស់ប្តូរលេខអាវទេ។ ខ្ញុំនៅតែចង់ពាក់អាវលេខ 20 ដដែល ព្រោះតែដើម្បីអ្នកគាំទ្រ (Fan) ខ្ញុំទាំងអស់គ្នា”។

“ខ្ញុំត្រូវបានអនុញ្ញាតឲ្យជ្រើសរើសអាវលេខ 9 សំរាប់រដូវកាលក្រោយ។ ប៉ុន្តែខ្ញុំមិនធ្វើដូច្នេះទេ។ ខ្ញុំកំពុងតែមានអារម្មណ៍សប្បាយរីករាយ ជាមួយនឹងអាវលេខ 20 សព្វថ្ងៃនេះ ហើយគ្រប់រឿងកំពុងតែប្រព្រឹត្តិទៅបានយ៉ាងល្អ ពេលខ្ញុំពាក់លេខអាវនេះ។ ដូច្នេះ វាគ្មានហេតុផលអ្វីដែលខ្ញុំ ត្រូវផ្លាស់ប្តូរឡើយ”។

/

“ជាងនេះទៅទៀត ខ្ញុំធ្វើនេះ ក៏ព្រោះតែអ្នកគាំទ្រខ្ញុំទាំងអស់គ្នាដែរ។ ពួកគាត់បានទិញ អាវលេខ 20របស់ខ្ញុំរួចអស់ហើយ។ ខ្ញុំមិនចង់ឲ្យពួកគាត់ ពិបាក ក៏ដូចជាខាតបង់លុយបន្ថែម ក្នុងការទិញលេខផ្សេងឡើយ។ ជាមួយលេខអាវនេះ ខ្ញុំបានជួយ Man United ដណ្តើមបានពានរង្វាន់Premier Leagueលើកទី 20 ជាប្រវត្តិសាស្រ្ត សំរាប់ខ្ញុំ វាគឺជាពាន Primier League ដំបូង។ គ្រប់រឿងពិតជាអស្ចារ្យ” ។Van Persie រីករាយបញ្ជាក់ឲ្យដឹង៕

ដោយ៖ សិលាប្រភព៖ 24h