ភ្នំពេញៈ តារាកំប្លែងល្បីឈ្មោះ និងមានភាពលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន អ្នកនាង សេង សុកាន់ដា ហៅ ខ្ញុង ពេលនេះកំពុងតែរៀបចំ ខោអាវដាក់វ៉ាលីត្រៀម ឡើងយន្តហោះទៅ សម្តែងនៅអូស្ត្រាលី ជាលើកដំបូង។ ទន្ទឹមជាមួយ នឹងថ្ងៃធ្វើដំណើរ កាន់តែខិតជិត មកដល់នោះ នាងហាក់មានភាព រារែកភ័យបុកពោះ ដោយនាងបាន បង្ហើបប្រាប់ថា កាលចេញទៅ សម្តែងលើកនេះ គឺមានការលំបាកណាស់ សម្រាប់រូបនាង ដោយសារតែមិនចេះ ភាសាក្នុងការទំនាក់ទំនង ជាមួយបងប្អូន ទស្សនិកជន នៅទីនោះ។

ជួបជាមួយ LookingTODAY នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣នេះ តារាកំប្លែងសម្បូរវោហារ និងមានប្រជាប្រិយភាព អ្នកនាង ខ្ញុង បានប្រាប់ឲ្យដឹងថា ដំបូងឡើយគម្រោង ក្នុងការធ្វើដំណើរ ត្រូវទៅថ្ងៃទី១៣ តែដោយសារនាង ត្រូវរៀបចំ ឯកសារផ្តិតមេដៃ ធានាប្អូនស្រី នីឡា ទៅជាមួយគ្នា ព្រោះថានីឡា អត់ទាន់គ្រប់អាយុ ទើបត្រូវលើកថ្ងៃ ចេញដំណើរទៅ ថ្ងៃ១៦-១៧ ចន្លោះថ្ងៃណាមួយ អាស្រ័យលើឯកសារ ។ ការចេញដំណើរនេះ គឺមានតែនាង លោកពែកមី និងកុមារីនីឡា ដែលជាកូនស្រីបណ្តូលចិត្ត របស់លោកតា វិចទ័រ តែប៉ុណ្ណោះ។

តារាកំប្លែងរូបស្រស់សម្បូរសាច់ និងមានភាពលេចធ្លោ ប្រចាំក្រុមកំប្លែងនៅ ស៊ីធីអ៊ីនរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ការទៅសម្តែងនៅអូស្ត្រាលី គឺមិនមានរយៈពេលយូរទេ ពួកនាងទៅ២-៣អាទិត្យតែប៉ុណ្ណោះ ព្រោះមិនទុក ការងារនៅទីនេះ ចោលយូរទេ ។ នាងក៏អរគុណដល់ ខាងស្ថានីយទូរទស្សន៍ ដែលជានិច្ចកាល តែងតែផ្តល់ ឱកាសឲ្យនាង ក៏ដូចជាលោក ពែកមី និងតារាកំប្លែង ក្នុងក្រុមរហូតមក ដូចពេលនេះអ៊ីចឹងបាន អនុញ្ញាតឲ្យពួកនាង ចេញទៅសម្តែងនៅ ក្រៅប្រទេសលើក ដំបូងថែមទៀតផង។

អ្នកនាង ខ្ញុង បានប្រាប់ឲ្យដឹងបន្តទៀតថា ដំណើរដែលខ្ញុំ ចេញទៅលើកនេះ គឺខ្ញុំមានអារម្មណ៍ ពិបាកផង ភ័យផង អរផង គ្រប់រសជាតិ ដោយសារនេះ ជាលើកទី១ ដែលត្រូវជិះយន្តហោះទៅសម្តែង នៅក្រៅប្រទេស។ អ្វីដែលពិបាកសម្រាប់ខ្ញុំនោះ គឺអត់ចេះនិយាយ ភាសាអង់គ្លេស ពិបាកក្នុងការទំនាក់ទំនង ជាមួយអ្នករស់នៅទីនោះ ។ មិនដឹងថាត្រូវនិយាយ បែបណាខ្លះទេ តែទន្ទឹមជាមួយគ្នានោះ ខ្ញុំក៏មានសង្ឃឹមថា ការចេញទៅសម្តែង របស់ពួក ខ្ញុំទាំង៣នាក់ រំពឹងថាអាចទទួលបានការគាំទ្រ និងចំណាប់ អារម្មណ៍បានច្រើន ព្រោះគ្រាន់តែបងប្អូន នៅក្រៅប្រទេសដឹងថា ពួកខ្ញុំទៅសម្តែងពួក គាត់តេមកសួរខ្ញុំ ច្រើនណាស់ ដោយពួកគាត់បាន លើកទឹកចិត្តថា ពួកគាត់ទន្ទឹងរង់ចាំមើល និង ជួបពួកខ្ញុំផ្ទាល់នៅទីនោះ ។

នៅក្នុងនោះ នាងបានប្រាប់បន្ថែមទៀតថា ក្រៅពីការងារ នាងក៏មានការព្រួយ បារម្ភចិត្តមួយទៀត។ នាងនិយាយថា ដោយសារតែខ្ញុំចេញ ទៅត្រូវទុកកូនផ្ញើរគេ នៅទីនេះ មានអារម្មណ៍ថា អាណិតកូន នឹកកូន ពិបាកចិត្ត ព្រោះថាមិនធ្លាប់ទៅ ណាឆ្ងាយពីកូន យូរបែបនេះទេ ធម្មតាទឹកចិត្តម្តាយគ្រប់រូប តែងតែនឹករឭកកូន ។ តែអ្វីដែលធ្វើឲ្យខ្ញុំខ្លោច ចិត្តអាណិតកូននោះ គឺទុកកូនចោលរហូត ដល់ទៅជិត១ខែ ៕

width=500

width=500

ព័ត៌មានកំសាន្តស្តីពីតារាៗ ដ៏សំបូរបែបគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល