កាលពីថ្ងៃទី ៣ សីហា កន្លងទៅ លោក Igor Mitrofanov   អគ្គនាយកនៃមន្ទីរពិសោធរបស់មជ្ឈមណ្ឌលវិទ្យាសាស្ដ្រ និងស្រាវជ្រាវអវកាសរបស់រុស្ស៊ី ឱ្យដឹងថា កម្មវិធីឡើងទៅស្រាវជ្រាវលើដីព្រះចន្ទដែលមាន មនុស្សបើកបររបស់ប្រទេសនេះ នឹងត្រូវចំណាយប្រាក់ ប្រហែល ២,៨ពាន់លានដុល្លារអាមេរិក។

/

បច្ចុប្បន្ន រុស្ស៊ី នៅ​តែ​ជា​ប្រទេស​នាំ​មុខ ក្នុង​វិស័យ​អវកាស

ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីវិទ្យាសាស្ដ្រអវកាសមួយ នៅក្នុងក្រុង Moscow លោក Mitrofanov ថ្លែងថា ៖ “ប្រាក់ចំណាយទៅលើកម្មវិធីអភិវឌ្ឍមូលដ្ឋានស្វ័យប្រវត្តិមួយ នៅលើព្រះចន្ទ អាចឡើងដល់ ២៨០ដុល្លារ។ គម្រោងនេះ នឹងសម្រេចបាន ក្នុងរយៈពេល ពី ៥ ឬ ៦ឆ្នាំ។ ចំណែកបេសកកម្មចុះចតលើដីព្រះចន្ទ ដែលមានមនុស្សបើកបរ នឹងត្រូវចំណាយច្រើនជាងនេះ ១០ដង”។

លោកឱ្យដឹងថា មុនពេលចាប់ផ្ដើមបេសកកម្មហោះហើរដែលមានមនុស្សបើកបរ គេត្រូវ “សិក្សា​អំពីការចុះចតលើព្រះចន្ទឱ្យបានច្រើនដង” ហើយបណ្ដាមូលដ្ឋានស្វ័យប្រវត្តនៅលើព្រះចន្ទ គឺជាការចាំបាច់ ដើម្បីអនុវត្តគម្រោងនេះ។

លោក Mitrofanov បន្តថា ដៃគូមួយរបស់មន្ទីរស្រាវជ្រាវអវកាស បច្ចុប្បន្ន កំពុងអភិវឌ្ឍស្ថានីយអវកាសចំនួន  ៣ ដែលមានឈ្មោះថា Luna-25 (គម្រោង Luna-Glob), Luna-26 និង Luna-27 ក្នុងនោះ Luna-25 និង Luna-27 គឺជាយានអវកាស សម្រាប់ចុះចតលើព្រះចន្ទ ហើយវាត្រូវបានរចនាដើម្បីបំពេញភារកិច្ចចំនួន ១ឆ្នាំ។ ចំណែក Luna-26 គឺជាយានគោចរ ត្រូវបានរចនាឡើងសម្រាប់ហោះហើរជុំវិញព្រះចន្ទ ដើម្បីតាមដានក្នុងរយៈពេល ២ឆ្នាំ។ លោក Mitrofanov បញ្ជាក់ថា ក្នុងអំឡុង ១០ឆ្នាំខាងមុខ មូលដ្ឋាននៅលើព្រះចន្ទ ប្រាកដជានឹងត្រូវបានបង្កើតឡើងជាក់ជាមិនខាន។

បេសកកម្មឡើងទៅកាន់ឋានព្រះចន្ទ បានក្លាយជាគម្រោងអាទិភាពមួយរបស់ រុស្ស៊ី នៅក្នុងអវកាស។ នៅចុងទសវត្សនេះ រុស្ស៊ី មានគម្រោងបញ្ជូនយានអវកាសចំនួន ៣ ឡើងទៅកាន់ភពព្រះចន្ទ ក្នុងនោះ យាន ២គ្រឿងនឹងចុះចតលើដីព្រះចន្ទ ចំណែក ១គ្រឿងទៀត ហោះជុំវិញព្រះចន្ទ។

បេសកកម្មដំបូង គឺ Luna-25 (ត្រូវពន្យាពេល) តាមគម្រោងនឹងត្រូវបញ្ជូនឡើងឋានព្រះចន្ទ ក្នុងឆ្នាំ ២០១៦ និងចុះចតនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ។ បេសកកម្មបន្តបន្ទាប់ ២ ផ្សេងទៀត រួមមាន យានអវកាសគោចរជុំវិញព្រះចន្ទ នឹងត្រូវបានបញ្ជូនឡើង ក្នុងឆ្នាំ ២០១៨ និងយានចុះចត ១ទៀត ដែលមានភារកិច្ចតាមរកទឹកកកលើភពព្រះចន្ទ នឹងត្រូវបានបញ្ជូនឡើង ក្នុងឆ្នាំ ២០១៩។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ russianspacenews