Ukraine ថ្មីៗនេះ បានប្រកាសថា អាជ្ញាធររបស់ខ្លួន កំពុងកាន់កាប់ភ័ស្ដុតាង បង្ហាញថា រុស្ស៊ី មានតួនាទីជាអ្នកសម្រេចចិត្តចុងក្រោយ ក្នុងករណីបាញ់ទម្លាក់យន្ដហោះ MH17 ដែលបានបណ្ដាលឱ្យមនុស្ស ២៩៨បាត់បង់ជីវិត។

ទំព័រ Reuters ដកស្រង់សំដីមេដឹកនាំក្រុមចារកិច្ចរបស់ អ៊ុយក្រែន លោក Vitaly Naida ឱ្យដឹងថា “យើងខ្ញុំមានភ័ស្ដុតាងដ៏ជាក់លាក់ បង្ហាញថា សកម្មភាពភេរវកម្ម ត្រូវបានធ្វើឡើង ដោយមានការគាំទ្រពីប្រទេសរុស្ស៊ី។ យើងខ្ញុំបានដឹងច្បាស់ថា បណ្ដាក្រុមមនុស្សដែលបានចូលរួមចំណែកធ្វើសកម្មភាព នៅកន្លែងបាញ់កាំជ្រួច គឺជាជនជាតិរុស្ស៊ី”។

/

ប្រព័ន្ធបាញ់កាំជ្រួច ប្រឆាំង​យន្ដ​ហោះ Buk

ប្រធានក្រុមចារកិច្ចខាងលើ ឱ្យដឹងថា រុស្ស៊ី បានបញ្ជូនប្រព័ន្ធបាញ់កាំជ្រួច និងទាហានជំនាញ មកគាំទ្រដល់ក្រុមបំបែកខ្លួន។ យោងតាមភ័ស្ដុតាងដែលទីក្រុង Kiev បានរកឃើញ បង្ហាញថា ប្រព័ន្ធបាញ់កាំជ្រួច BUK-1 ឬ SA-11 ត្រូវបាននាំចូល អ៊ុយក្រែន ពីប្រទេសរុស្ស៊ី រួមជាមួយនឹងមនុស្សមួយក្រុម ដែលមានគ្នា ៣នាក់។

ភាគីខាងអ៊ុយក្រែន អះអាងថា មនុស្ស ៣នាក់ខាងលើ ត្រូវបានបញ្ជូនមក ជាមួយនឹងប្រព័ន្ធបាញ់កាំជ្រួច ទន្ទឹមនឹងនេះ អ៊ុយក្រែន ក៏បានស្នើឱ្យរុស្ស៊ី ផ្ដល់អត្តសញ្ញាណរបស់មនុស្សទាំង ៣នាក់នេះ ដើម្បីធ្វើការសួរនាំ។ ប្រព័ន្ធបាញ់កាំជ្រួចចំនួន ៣ មកដល់ពេលនេះ គេបានបញ្ជូនត្រឡប់ចូលក្នុងទឹកដីរុស្ស៊ី។ រូបភាពដែលគេថតបាន បង្ហាញថា ប្រព័ន្ធបាញ់កាំជ្រួចទាំងនោះ ត្រូវបានគេដាក់នៅទីតាំងខុសៗគ្នា។

មុននេះ អ្នកនាំពាក្យរបស់គណកម្មការសន្តិសុខ អ៊ុយក្រែន បានបញ្ជាក់ថា យុទ្ធភ័ណ្ឌចំនួន ១៥ប្រភេទ ត្រូវបាននាំពីរុស្ស៊ី មកកាន់តំបន់ Luhansk ភាគខាងកើត អ៊ុយក្រែន នៅពេលយប់។

ចំណែកក្រុមអ្នកស៊ើបការណ៍ និងមន្ដ្រីការពារជាតិអឺរ៉ុប ឱ្យដឹងថា ក្រុមបះបោរនៅភាគខាងកើត អ៊ុយក្រែន កំពុងតែលាក់បាំងភ័ស្ដុតាង ទាក់ទិននឹងប្រព័ន្ធបាញ់កាំជ្រួច Buk ។ កាំជ្រួចប្រឆាំងយន្ដហោះនេះ ត្រូវបានគេសង្ស័យថា ត្រូវបានក្រុមបំបែកខ្លួនដែលស្និទ្ធនឹងរុស្ស៊ី ប្រើប្រាស់ដើម្បីបាញ់ទម្លាក់យន្ដដឹកអ្នកដំណើររបស់ ម៉ាឡេស៊ី កាលពីថ្ងៃទី ១៧កន្លងទៅ។

ទំព័រ Guardian ដកស្រង់សំដីមន្ដ្រីយោធា អ៊ុយក្រែន ឱ្យដឹងថា ក្រុមបះបោរ មិនអាចគ្រប់គ្រង និងបញ្ជាប្រព័ន្ធបាញ់កាំជ្រួចខាងលើ ប្រសិនមិនមានការគាំទ្រ និងជំនួយផ្នែកបច្ចេកទេស ពីរុស្ស៊ី។

/

ក្រុម​អ្នក​សង្គ្រោះ ក្នុង​ករណីយន្ដហោះ MH17

ចំណែកភាគីខាងរុស្ស៊ី បានបដិសេធចំពោះការចោទប្រកាន់របស់អ៊ុយក្រែន ហើយបានអះអាងថា ៖ “ការឆ្លងដែនបែបនេះ មិនអាចធ្វើទៅបានដោយសម្ងាត់នោះទេ”។

គួររំលឹកថា យន្ដហោះ MH17 ត្រូវបានគេបាញ់ទម្លាក់ នៅក្នុងតំបន់ Donetsk ដែលកំពុងមានការប្រយុទ្ធគ្នា កាលពីថ្ងៃទី ១៧ កក្កដា នៅពេលយន្ដហោះ កំពុងហោះហើរពី Amsterdam ទៅកាន់ Kuala Lumpur បណ្ដាលឱ្យមនុស្ស ២៩៨នាក់ បាត់បង់ជីវិត។ ទីតាំងយន្ដហោះធ្លាក់ មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ី។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Reuters/Guardian