ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា មានឧបទ្ទេវហេតុដ៏រន្ធត់មួយបានកើតឡើង ដោយមានភាពភ្ញាក់ផ្អើលជាខ្លាំង ពោលគឺ រថយន្តទំនើប Audi TT បានបើកហោះសំកាំងខ្លួនបុកផ្ទះប្រជាជនយ៉ាងកម្រោល តែសំណាងល្អគ្មានអ្នកស្លាប់បាត់បង់ជីវិត ។

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងក្នុងក្រុង Su-ffolk ប្រទេសអង់គ្លេស វេលាម៉ោងប្រមាណជាង ១ និង ៤៥ រំលងអាធ្រាត្រ ។ លើសពីនេះទៅទៀត បើនិយាយពីមូលហេតុពិត នៃការកើតមានឡើងនូវគ្រោះថ្នាក់មួយនេះ ក៏ព្រោះរថយន្តទំនើប Audi TT បានបាត់បង់ម្ចាស់ការណ៍ និងបើកធ្លាក់គន្លងផ្លូវរថ រួចក៏បានស្ទុះទៅបុកនឹងរថយន្តមួយផ្សេងទៀត ហើយក៏បន្តហោះសំកាំងខ្លួនទៅបុកផ្ទះប្រជាពលរដ្ឋតែម្តង។
ដោយឡែក បើនិយាយពីជនរងគ្រោះ វ័យជាង ២០ ឆ្នាំ ជាអ្នកបើករថយន្តទំនើបមួយគ្រឿងនេះត្រូវបានរកអោយឃើញថា មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ បន្ទាប់ពីក្រុមជួយសង្គ្រោះបានជួយអន្តរាគមន៍ដោយរំដោះគេ ចេញពីការគៀបជាប់នឹងរថយន្ត ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Addenbrooke's Hospital,Cambridge ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ស្របពេលដែលប្រជាពលរដ្ឋរស់នៅក្នុងផ្ទះកើតហេតុខាងលើមិនបានរងរបួសអ្វីនោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ