ដោយគ្រាន់តែប្រើ ខ្សែជ័រប៉ុន្មានសរសៃ ឬ​ជណ្ដើរធ្វើអំពីខ្សែជួរ ដែលមិនគួរឱ្យទុកចិត្ត ក្រុមអ្នកប្រមាញ់សំបុកឃ្មុំអាជីព នៅតំបន់ភ្នំថ្ម ហិមពាន្ដ (ហិមាល័យ/ Himalaya) ក្នុងប្រទេស Nepal នាំគ្នាផ្សងជីវិត ឡើងទៅកាន់កម្ពស់ ១២០ម៉ែត្រ ដើម្បីសំបុកឃ្មុំ។

/

នៅប្រទេស Nepal “ប្រមាញ់ទឹកឃ្មុំ” គឺជាមុខរបរចិញ្ចឹមជីវិតមួយដែលមានតាំងតែពី ១៣ពាន់ឆ្នាំ មុនគ្រិស្ដសករាជ ហើយមកដល់ពេលបច្ចុប្បន្ន វាបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌របស់ Nepal ។ មានឯកសារបុរាណជាច្រើន បានកត់ត្រានូវផែនទី និងសមត្ថភាពរបស់ជនជាតិ Nepal ក្នុងមុខរបរយកទឹកឃ្មុំ។

/

បច្ចុប្បន្ន ដូចទៅនឹងមុខរបរសិប្បកម្ម និងកសិកម្មដទៃរបស់បណ្ដាប្រទេសក្នុងពិភពលោក មុខរបរដ៏គ្រោះថ្នាក់នេះ នៅ Nepal ក៏ត្រូវបានប្រជាជននៅទីប្រជុំជន បោះបង់ចោល ប៉ុន្ដែ នៅក្នុងតំបន់ក្បែរព្រៃភ្នំជាច្រើន ប្រជាជន ក៏នៅតែរក្សាមុខរបរនេះ។

/

Apis Laboriosa គឺជាឃ្មុំ ប្រភេទធំបំផុតក្នុងពិភពលោក ពិសេស គឺវាមាននៅប្រទេស Nepal តែប៉ុណ្ណោះ។ ឃ្មុំប្រភេទនេះ ធ្វើសំបុកនៅលើចង្កេះភ្នំថ្ម ខ្ពស់ៗ របស់ជួរភ្នំហិមពាន្ដ (Himalaya) ។ ដូច្នេះ ដើម្បីអាចយកបានឃ្មុំប្រភេទនេះបាន ក្រុមអ្នកប្រមាញ់ ត្រូវផ្សងគ្រោះថ្នាក់ដល់ជីវិត យោលខ្លួន នៅលើខ្សែពួរជ័រ ពីកំពូលភ្នំ ចុះមកក្រោម។

/

ជាទូទៅ ក្នុងមួយឆ្នាំ គឺមានរដូវប្រមូលផលឃ្មុំ ចំនួន ២លើក ក្នុង ១លើកៗ មានរយៈពេល ៣សប្ដាហ៍ ដោយលើកទី ១ ត្រូវបានធ្វើឡើងក្នុងរដូវផ្ការីក និងលើកទី ២ ក្នុងរដូវរំហើយ។ ប្រជាជននៅទីនេះ បានឱ្យដឹងថា មុននេះ ឃ្មុំសម្បូរខ្លាំងណាស់ មានពេលខ្លះ ប្រជាជនមួយចំនួន បានក្លាយជាអ្នកមាន បន្ទាប់ពីរកបានឃ្មុំ ៦០០ សំបុក ប៉ុន្ដែបច្ចុប្បន្ន ការស្វែងរកឃ្មុំ គឺកាន់តែជួបការលំបាក ដោយសារព្រៃជាច្រើនតំបន់ ត្រូវគេកាប់បំផ្លាញ។ បច្ចុប្បន្ន អ្នកប្រមាញ់ឃ្មុំម្នាក់ យ៉ាងច្រើន រកបានត្រឹមតែ ៨០សំបុកប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

/

 នៅពេលរដូវប្រមូលផលមកដល់ អ្នកប្រមាញ់ឃ្មុំ នឹងប្រមូលផ្ដុំគ្នាជាក្រុមមួយ ហើយធ្វើដំណើរទៅកាន់ភ្នំហិមពាន្ដ។ ជនជាតិ Nepal មួយចំនួនដែលជាអ្នកមានជំនាញខាងយកឃ្មុំ ប្រាប់ឱ្យដឹងថា ការយកឃ្មុំបានមួយសំបុក គឺត្រូវការពេល ពី ២ ទៅ ៣ម៉ោង ប៉ុន្ដែ វាក៏អាស្រ័យទៅលើតំបន់ ស្ថានភាពភូមិសាស្ដ្រ និងទំហំរបស់សំបុកឃ្មុំ។

/

មុនពេលចាប់ផ្ដើមការឡើងយកឃ្មុំ ក្រុមអ្នកប្រមាញ់ នឹងធ្វើពិធីបួងសួងតាមជំនឿបុរាណ ដើម្បីអរគុណដល់មេឃដី និងធម្មជាតិទាំងឡាយដែលបានបង្កើតរុក្ខជាតិ និងពលិកម្មរបស់ប្រភេទរុក្ខជាតិនានា ដើម្បីបានទឹកឃ្មុំដ៏ផ្អែម។

/

ក្រោយមក ពួកគេនឹងដុតភ្លើង ចែកគ្នាជាក្រុមតូចៗ និងធ្វើការរុករកឃ្មុំ។ ក្រុមនិមួយៗ តែងមានគ្នា ២នាក់ ដោយម្នាក់នៅខាងលើ មានតួនាទីជាជំនួយការ ហើយម្នាក់ទៀត ត្រូវចុះទៅខាងក្រោម ចង្កេះភ្នំ ដោយប្រើខ្សែ ដើម្បីយកសំបុកឃ្មុំ។

/

បើទោះជាបានដុតភ្លើង បង្ហុយផ្សែង ដើម្បីដេញឃ្មុំ ប៉ុន្ដែអ្នកយកឃ្មុំជាច្រើន នៅតែត្រូវឃ្មុំទិច ហើមមុខមាត់ អ្នកខ្លះក៏ត្រូវខ្វះភ្នែក។ នៅពេលត្រូវរងគ្រោះបែបនេះ ពួកគេបែរជាយល់ថា ដោយសារមិនបានសែនព្រេន និងសុំម្ចាស់ទឹក ម្ចាស់ដី ឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវតាមវិធីទៅវិញ ។

/

បណ្ដារូបភាពដ៏អស្ចារ្យនេះ មួយចំនួន ជាស្នាដៃរបស់ជាងថតរូប Éric Tourneret ក្រៅពីនេះ ក៏មានស្នាដៃរបស់ Eric Valli ដែលជាអ្នកនិពន្ធ និងជាជាងថតរូប ជនជាតិបារាំង ដែលបានធ្វើឡើងកាលពីឆ្នាំ ១៩៨៧។ កម្រងរូបថតនេះ ក្រោយមក ក៏បានទទួលពានរង្វាន់សារព័ត៌មានពិភពលោក៕

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

វិធី ៩យ៉ាង ដើម្បីក្លាយជា អ្នកមាន

ផលិតអាវសម្រាប់មាន់ ក៏ជាវិធីរកប្រាក់ ប្រកបដោយភាព ច្នៃប្រឌិត

សេវាកម្មបុណ្យសពនៅចិន ៖ វិស័យដែលរកប្រាក់បាន ១៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CB