រៀងរាល់ឆ្នាំនៅលើពិភពលោក មានមនុស្សរាប់លាននាក់ ត្រូវស្លាប់ដោយសារបារី។ ការជក់បារី មិនថាបារីប្រភេទអ្វីនោះទេ វាតែងបណ្ដាលឱ្យកើតជម្ងឺជាច្រើន ដែលនាំទៅរកសេចក្ដីស្លាប់។

នៅក្នុងបារី មានផ្ទុកសារធាត់គីមី ប្រហែល ៤.០០០ប្រភេទ ក្នុងនោះ មានជាង ២០០ប្រភេទ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព រួមមាន សារធាត់ញៀន និងសារធាតុពុល។ ផ្សែងបារី មិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នកជក់ប៉ុណ្ណោះទេ តែវាក៏ផ្ដល់ផលអាក្រក់ ដល់អ្នកនៅជុំវិញ។
ផ្សែងបារី មានសារធាតុញៀននឹងពុលសំខាន់ចំនួន ៤ ក្នុងនោះ nicotine ត្រូវបានគេចាត់ទុកជាសារធាតុញៀនមួយប្រភេទ ដែលស្រដៀងនឹង heroin និង cocain។ ជាមធ្យម អ្នកជក់បារី ១ដើម នឹងអាចស្រូបយក nicotine ប្រហែល ២មិល្លីក្រាម។ ចំណែកសារធាតុ monoxit carbon ក៏មានលទ្ធភាពកាន់កាប់ទីកន្លែងរបស់អ៊ុកស៊ីហ្សែនក្នុងឈាម ដែលបណ្ដាលឱ្យរាងកាយខ្វះអ៊ុកស៊ីហ្សែនដូច្នេះ វាក៏នាំទៅរកជម្ងឺបេះដូង ដំណាក់កាលដំបូង។ ក្រៅពីនេះ ក៏មានសារធាតុដែលបង្កគ្រោះថ្នាក់ដល់ជីវិត ដូចជា benzopyrene ជាដើម។

ការជក់បារី ប្រៀបដូចជាការធ្វើអត្តឃាតបន្តិចម្ដងៗ
ការសិក្សាស្រាវជ្រាវខ្លះ បានបង្ហាញថា ការជក់បារី ១ដើម គឺស្មើនឹងការកាត់បន្ថយអាយុជីវិតចំនួន ៥,៥នាទី តែក៏មានការសិក្សាស្រាវជ្រាវផ្សេង បញ្ជាក់ថា ចំនួននេះ គឺឡើងដល់ ១១នាទី ដូច្នេះ បើយកមធ្យមភាគ គឺ ៨,២៥នាទី។ អាយុជាមធ្យមរបស់អ្នកជក់បារី តែងតែខ្លីជាងពី ៥ ទៅ ៨ឆ្នាំ បើធៀបនឹងអ្នកមិនជក់បារី។ ការជក់បារីក៏ធ្វើឱ្យអត្រានៃការស្លាប់ ដោយសាររោគសួត រោគបេះដូង ជាដើម កើនឡើងពី ៣០% ដល់ ៨០% ។

ផ្សែងបារី អាចនឹងបណ្ដាលឱ្យកើតជម្ងឺមហារីកសួត
កម្រិតនៃគ្រោះថ្នាក់ អាស្រ័យទៅលើវ័យដែលចាប់ផ្ដើមជក់ ដូច្នេះ ការជក់បារីក្នុងរយៈពេលកាន់តែយូរ អ្នកនឹងប្រឈមនឹងការស្លាប់ កាន់តែខ្ពស់។ ក្រៅពីនេះ ការជក់បារីក៏នាំឱ្យខាតបង់ប្រាក់កាស់ផងដែរ ៖ ក្នុង ១ថ្ងៃ អ្នកជក់ ១កញ្ចប់ តម្លៃប្រហែល ២០០០រៀល ដូច្នេះ ក្នុង ១ឆ្នាំ អ្នកនឹងត្រូវចំណាយប្រាក់អស់ ៧២០.០០០រៀល និង ១០ឆ្នាំ ស្មើនឹង ៧.២០០.០០០រៀល (១៨០០ ដុល្លារអាមេរិក)។ ទឹកប្រាក់នេះ អាចឱ្យអ្នកទិញបានម៉ូតូ ១គ្រឿងយ៉ាងស្រស់ស្អាត៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ nyc/michigan