ក្រសួងការបរទេសប៊ុលហ្គារី រាយការណ៍ថា មនុស្សយ៉ាងតិច 6 នាក់បានត្រូវស្លាប់ និង 30 នាក់ទៀតត្រូវរបួសកាលពី ថ្ងៃទី ១៨ កក្កដា ក្នុងការវាយប្រហារភេរវកម្មប្រឆាំងរថយន្ត Bus ដឹកអ្នកទេសចរអ៊ីស្រាអែល មួយគ្រឿងនៅឯព្រលានយន្តហោះ BOURGAS របស់ប្រទេសប៊ុលហ្គារី ។

ទិដ្ឋភាពរួម ក្រោយពេលវាយប្រហារ ហើយ ក៏មានការអន្តរាគមន៍ពីមន្រ្តីប៉ូលីសផងដែរ
ក្នុងសេចក្តីប្រកាសមួយ ក្រសួងនេះនិយាយថា មនុស្ស 5 នាក់ស្លាប់នៅនឹងកន្លែង ហើយម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ រួចមនុស្ស 32 នាក់ត្រូវរបួស ក្នុងនោះ 3 នាក់របួសធ្ងន់ ។ អ្នកទេសចរទាំងនោះមកដល់ប្រទេសប៊ុលហ្គារី តាមយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ AIR VIVA ដែលដឹកអ្នកដំណើរ 154 នាក់ ក្នុងនោះមានមនុស្សពេញវ័យ 146 នាក់ និង កុមារ 8 នាក់ ក្នុងចំណោមអ្នកដំណើរទាំងនេះមានជនជាតិអ៊ីតាលីម្នាក់ ស្លូវ៉ាគីម្នាក់ និងអាមេរិកម្នាក់ ក្រៅពីនេះសុទ្ធតែជនជាតិអ៊ីស្រាអែល ។
អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយការវាយប្រហារ
បើយោងទៅតាមសម្តីរបស់លោករដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី ដែលទៅកាន់កន្លែងវាយប្រហារថ្លែងថា អាជ្ញាធរប៊ុលហ្គារី ចាត់ទុកការវាយប្រហារនេះថា ជាអំពើភេរវកម្មមួយហើយប៊ុលហ្គារី នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីវែកមុខ ការវាយប្រហារនោះ ។ ប្រទេសអ៊ីស្រាអែលក៏បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថាស្ថិតនៅ ពីក្រោយការវាយប្រហារលើពួកអ្នកទេសចរខ្លួនលើកនេះ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ក្រោយពីវាយប្រហារមានទិដ្ឋភាពយ៉ាងណានោះ សូមតាមដានទស្សនាវីដេអូ clip ខាងក្រោមនេះ ដូចតទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ cnn