យើងសង្កេតឃើញថាលើគេហទំព័របណ្ដាញសង្គម facebook ដ៏ពេញនិយមដែលមានមិត្តយុវវ័យខ្មែរប្រើប្រាស់ផងដែរនោះកំពុងតែពេញទៅដោយរូបភាព ក៏ដូចជា Status កាន់ទុក្ខចំពោះអតីតព្រះមហាក្សត្រខ្មែរ ដែលទ្រង់បានយាងចូលទិវង្គត កាលពីថ្ងៃទី ១៥ តុលាកន្លងមកនេះ។តែដោយលែក Camnews ដែលមានប្រើប្រាស់ facebook ដូចគ្នានោះក៏សង្កេតឃើញមានភាពអសកម្មមួយចំនួនដែលកើតឡើងពីសំណាក់អ្នកប្រើប្រាស់ facebook ខ្មែរផងដែរ។ ហើយថ្ងៃនេះយើងសុំលើបញ្ហាថ្មីៗក្ដៅៗ មួយមកវិភាគ ក៏ដូចជាផ្ដល់ប្រធានបទដល់អ្នកទាំងអស់គ្នាអោយបានវិភាគផងដែរ។កាលពីថ្ងៃទី ១៦ តុលា មានអ្នកយកព័ត៌មានរបស់ទូរទស្សន៍ប៉ុស្តិលេខ ៣ ថៃ ម្នាក់បានដាក់កាសែតភ្នំពេញប៉ុស្តិជាភាសាអង់គ្លេស ដែលមានរូបរបស់សម្ដេចតា នៅនឹងកំរាលឥដ្ឋនៃទីធ្លាសួនមុខព្រះបរមរាជវាំង ជាមួយនឹងទូរសព្ទ iPhone 4 របស់នាង និងក្រដាសប៉ុន្មានសន្លឹកទៀតផងព្រោះនាងជាប់ដៃក្នុងការអត្ថាធិប្បាយមុខកាមេរ៉ា ហើយរូបភាពនេះត្រូវបានគេថតជាប់ហើយយកមកបង្ហោះពេញfacebook ខណៈដែលមនុស្សជាច្រើនដែលប្រើប្រាស់ facebook គិតយល់ថាជាការប្រមាថមួយដ៏ធ្ងន់ដល់អតីតព្រះមហាក្សត្រ។ក្រោយមកមួយថ្ងៃនាថ្ងៃទី ១៧ តុលា ម្សិលមិញនេះខាងទូរទស្សន៍ប៉ុស្តិលេខ ៣ របស់ថៃបានចេញផ្សាយលិខិតសុំអភ័យទោស និងមានរូបថតនារីអ្នកយកព័ត៌មានរូបនោះអង្គុយសុំអហោសិកម្មនៅមុខរូបថតរបស់សម្ដេចតានៃយើងផងដែរ ដែលគេអះអាងថារូបថតដែលគ្រប់គ្នាភាគច្រើនគិតថាជាការប្រមាថនោះគឺជាការធ្វេសប្រហែសរបស់អ្នកយកព័ត៌មាន ហើយមិនមានចេតនាក្នុងការប្រមាថដល់អតីតព្រះមហាក្សត្រនោះទេ។បើយើងមើលតាមការចេញលិខិតសុំទោសជាផ្លូវការគឺគេបានធ្វើល្អអាចទទួលយកបានណាស់ទៅហើយ តែសកម្មភាពអសកម្មមិនបញ្ចប់ត្រឹមនេះនោះទេ នៅលើ facebook គេនៅតែឃើញមានទំព័រអណាមិកមួយចំនួន និងបុគ្គលមួយចំនួនព្យាយាមបន្តក្នុងការជេរច្រាស់ទៅលើអ្នកយកព័ត៌មានម្នាក់នោះ ទោះបីជាបានដឹងថាគេបានសុំទោសជាសាធារណៈក្ដី។
ជាតួរយ៉ាងដូចជាទំព័រមួយឈ្មោះថា I Love Cambodia បានធ្វើការបង្ហោះរូបថត និងប្រើប្រាស់ពាក្យជេរច្រាស់យ៉ាងចាស់ដៃទៅលើបញ្ហាខាងលើទោះបីជាដឹងថា គេបានសុំទោសជាសាធារណៈហើយក្ដី។ មនុស្សជាច្រើននៅលើ facebook ដែលគេយល់ច្បាស់អំពីបញ្ហានេះគេបានស្នើរសុំអោយមានការបញ្ឈប់សង្រ្គាមពាក្យសម្ដីលើ facebook នេះទៀតទៅព្រោះវាអាចនាំអោយមានរឿងវែងឆ្ងាយព្រោះអ្នកប្រើប្រាស់ facebook ជាខ្មែរធ្លាប់មានបញ្ហាទាស់ទែងពាក្យសម្ដីគ្នាខ្នាតធំម្ដងមកហើយជាមួយអ្នកប្រើប្រាស់ facebook ជាថៃ។ ហើយអ្នកដែលសំណូមពរអោយឈប់ប្រើប្រាស់ពាក្យជេរទាំងនោះគេបាននិយាយថា ប្រសិនណាបើបន្តការធ្វើបែបនេះវាមិននាំមកនូវផលប្រយោជន៍អ្វីក្រៅពីការស្អប់ខ្ពើមជាតិសាសន៍ទៅវិញទៅមកនោះទេ តែដូចជាមិនមានប្រសិទ្ធភាពទាល់តែសោះ ព្រោះប្រហែលជាម្ចាស់ Page គិតថា facebook ជាកន្លែងលាក់មុខអាចធ្វើបានតាមចិត្តចង់ មិនខ្វល់ពីអ្នកដទៃហើយមើលទៅ។
វាជាការពិតសូម្បីតែ Camnews ក៏យល់បែបនេះដូចគ្នា។ មិត្តអ្នកអានទាំងអស់ជាទីមេត្រី សូមលោកអ្នកជួយចំណាយពេល ៥ នាទីគិតមើលថាតើលោកអ្នកកំពុងតែកាន់ទុក្ខ អតីតព្រះមហាក្សត្រឬយ៉ាងណា? ហើយប្រសិនបើលោកអ្នកចំណាយពេលជេរជនជាតិថៃដែលជាអ្នកជិតខាង ព្រោះតែបញ្ហាមួយដែលគេបានសុំទោសជាសាធារណៈហើយនោះ តើវាបានប្រយោជន៍អ្វីមកវិញ?ជៀសវាងកុំអោយគេនិយាយថាយើងជាខ្មែរចង់តែបង្ករឿង និងនាំរឿងតូចអោយក្លាយជាធំ Camnews សុំចិត្តអ្នកលេង facebook ជាខ្មែរគ្រប់គ្នាបញ្ឈប់ការជេរប្រមាថដល់ជាតិសាសន៍ដទៃ និងបង្កការរើសអើងជាតិសាសន៍ តទៅទៀត។ លោកអ្នកប្រហែលជានៅចាំការវាយប្រហារស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីខែមករា ឆ្នាំ ២០០៣ ហើយមើលដែលពេលនោះគឺដោយសារតែការស្អប់ និងផ្អើលតាមគ្នានេះឯងដែលបណ្ដាលអោយរដ្ឋាភិបាលកម្ពុជាសម័យនោះត្រូវសងគេអស់ជាង ៤២ លានដុល្លាអាមេរិក។ ត្រលប់មកមើលលទ្ធផលដែលបានមកពីការស្អប់ និងបង្កហេតុនេះវិញយើងឃើញថាវាមិនបានផ្ដល់អ្វីក្រៅពីការខាតបង់នោះទេ។សារជាថ្មី Camnews សុំចិត្តអ្នកលេង facebook ទាំងអស់ពិចារណាអោយបានច្បាស់លាស់ ហើយគ្រប់គ្នាត្រូវចាំថាយើងទាំងអស់គ្នាកំពុងតែកាន់ទុក្ខអតីតព្រះមហាក្សត្រ មិនមែនកំពុងតែព្យាយាមក្នុងការបង្កសង្រ្គាមសម្ដីជេរគ្នាតាម facebook និងរើសអើងជាតិសាសន៍នោះទេ។ ដែនដីយើងជាកោះសន្តិភាព ប្រកាន់យកពុទ្ធសាសនា គួរណាចងចាំពាក្យព្រះពុទ្ធទូន្មានថា ពាររំងាប់ដោយការមិនចងពារ។

ពីទឹកចិត្តខ្មែរដូចគ្នាដែលមិនចង់មានជម្លោះ