ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសដែលជាសិស្សសាលា ឈ្មោះ Josh Hassan វ័យ ១២ ឆ្នាំត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស ខណៈពេលដែលគេមិនបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីឡើងទៅលើរបងបំណងទៅយកបាល់ត្រលប់មកវិញ តែសំណាងអាក្រក់អីបែរជារអិល និងចុងចាក់ដោត ជាប់នឹងចម្រឹងដែកទៅក្នុងដើមទ្រូង ប៊ិះដោតចាក់ចំបេះដូង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ភ្លាមៗនោះពិតជាបាន បង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលក្មេងប្រុសរូបនេះ បានស្រែកហៅជំនួយ។ ស្រ្តីជាម្តាយ វ័យ ៣០ ឆ្នាំឈ្មោះ Dawnរួមទាំងអ្នកជិតខាងផ្សេងទៀត ក៏បានស្ទុះមកជួយគេ ខណៈពេលដែលមួយរំពេចក្រោយក្រុមជួយសង្គ្រោះបានមកដល់។

បន្ទាប់ពីបើកយុទ្ធនាការ ក្នុងការវះកាត់អស់ជាច្រើនម៉ោង ពីសំណាក់ក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Royal Free Hospital ក្នុងទីក្រុងឡុងដ៍ ការវះកាត់មួយនេះ ពិតជាទទួលបាននូវជោគជ័យជាស្ថាពរ ។ ដោយឡែក អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា ក្មេងតូចរូបនេះ ត្រូវបានគេហៅថា ជាកូនទាហានតូច ខណៈពេលដែលគេមិនបានស្រែកយំអ្វីនោះទេ នៅពេលដែលកើតមានគ្រោះថ្នាក់មួយនោះ ផ្ទុយទៅវិញ ស្រ្តីជាម្តាយវ័យ ៣០ ឆ្នាំ បែរជាយកបំណែកចម្រឹងដែក ដែលបានមកពីការវះកាត់នោះ ទុកធ្វើជាអនុស្សាវរីយ៍ទៅវិញ៕
ដោយ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ